(គូឡាឡាំពួ)៖ ខណៈខួប០៥ឆ្នាំជិតមកដល់នៃការបាត់យន្តហោះ MH370 នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mahamad) បានសន្យាថា នឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាពអាថ៌កំបាំងនៅពីក្រោយករណីនេះឲ្យបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
ថ្លែងជាលើកដំបូងនៅចំពោះមុខវត្តមាននៃគ្រួសារសាច់ញាតិជនរងគ្រោះ លោក Mahathir បានបញ្ជាក់ថា ប្រតិបត្តិការរុករកនឹងនៅតែបន្តកើតមាន សម្រាប់យន្តហោះជើងហោះហើរ MH370 របស់ក្រុមអាកាសចរណ៍ម៉ាឡេស៊ី ខណៈដែលយន្តហោនេះបានបាត់ស្រមោលសូន្យឈឹងអស់រយៈពេលជិត ០៥ឆ្នាំហើយ ជាមួយមនុស្សចំនួន ២៣៩នាក់ នៅតាមផ្លូវពីទីក្រុងគូឡាឡាំពួឆ្ពោះទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានលើកឡើងថា «ដរាបណាក្តីសង្ឃឹមនៅតែមាន យើងនឹងបន្តរិះរកវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីរកឲ្យឃើញការពិតអំពីជោគវាសនានៃយន្តហោះនេះ»។ លោក Mahathir បានបន្តថា «ការបាត់បង់យន្តហោះគឺជារឿងមួយ តែការបាត់បង់មនុស្សគឺជារឿងផ្សេងទៀត ព្រោះថាអ្នកមិនអាចគេងលក់ស្រួលឡើយ ដោយសារការគិតពីអ្វីដែលបានកើតឡើង ហើយអ្នកនៅបន្តសួរខ្លួនឯងនូវសំណួរមួយនេះ តែអ្នកគ្មានចម្លើយនោះទេ»។
គួរជម្រាបថា កន្លងទៅប្រតិបត្តិការរុករកទ្រង់ទ្រាយធំយ៉ាងតិចចំនួន ០២ ត្រូវបានធ្វើឡើងដើម្បីតាមស្វែងរកយន្តហោះ MH370 ក្នុងនោះរួមមានប្រតិបត្តិការផ្លូវការ ដែលប្រព្រឹត្តទៅក្រោមការដឹកនាំរបស់អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្រ្តាលី ហើយត្រូវបានបញ្ឈប់កាលពីខែមករា ឆ្នាំ២០១៧ ក្រោយចំណាយលុយប្រមាណ ១៥០លានដុល្លារ និងពុំមានលទ្ធផលគួរឲ្យកត់សម្គាល់អ្វី។
រីឯមួយទៀតគឺត្រូវបានធ្វើឡើងក្រោមគោលការណ៍រកឃើញ ទើបទទួលបានថវិកា ដោយក្រុមហ៊ុនឯកទេសផ្នែករុករកផ្លូវសមុទ្រ Ocean Infinity របស់សហរដ្ឋអាមេរិក ដែលបានបញ្ចប់ទៅកាលពីឆ្នាំមុន ក្រោយចំណាយពេល ៩០ថ្ងៃ អង្កេតមើលផ្ទៃទឹកទំហំ១១២,០០០គីឡូម៉ែត្រក្រឡានៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ប៉ុន្តែសុទ្ធតែពុំបានផ្តល់តំរុយអ្វីដូចគ្នា ដើម្បីអាចនាំទៅរកការបំបែកករណីបាត់យន្តហោះដែលពោរពេញទៅដោយអាថ៌កំបាំងនេះឡើយ៕