(អ៊ីស្លាម៉ាបាដ)៖ ទីបំផុតប៉ាគីស្ថានបានបើកដែនអាកាសរបស់ខ្លួន ទាំងស្រុងឡើងវិញហើយនាថ្ងៃចន្ទនេះ ក្រោយពីវាត្រូវបានបិទ ដែលជាហេតុបង្កឲ្យមានភាពរាំងស្ទះដល់ក្រុមហ៊ុនអាកាកាសចរណ៍ក៏ដូចជាអ្នកដំណើរជាច្រើននាក់ នៅជុំវិញពិភពលោក ដោយសារតែការកើនឡើងភាពតានតឹងជាមួយប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថានបានឲ្យដឹងថា រាល់អាកាសយានដ្ឋាននៅទូទាំងប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមដំណើរការជាធម្មតា ហើយដែនអាកាសលើផ្ទៃប្រទេសក៏ត្រូវបានបើកឡើងវិញទាំងស្រុងផងដែរ នារសៀលថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីការបិទដែនអាកាសបានបង្កភាពរាំងស្ទះដល់ផ្លូវហោះហើរសំខាន់ៗរវាងតំបន់អឺរ៉ុប និងអាស៊ីខាងត្បូងក៏ដូចជាអាស៊ីអាគ្នេយ៍។
គួរជម្រាបថា ការសម្រេចចិត្តបិទដែនអាកាសរបស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងកាលពីពុធសប្តាហ៍មុន បន្ទាប់ពីផ្ទុះករណីប្រយុទ្ធគ្នារវាងយន្តហោះចម្បាំងប៉ាគីស្ថាន និងឥណ្ឌា នៅលើតំបន់ជម្លោះកាស្មៀរ ដែលហេតុការណ៍នោះបានបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំងថា សង្រ្គោះនឹងអាចផ្ទុះឡើងរវាងប្រទេសទាំងពីរដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរក្នុងដៃ ខណៈបណ្តាមហាអំណាចពិភពលោកបានចេញមុខឃាត់ឲ្យភាគីម្ខាងៗមានភាពអត់ធ្មត់ជាបន្ទាន់៕