(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីកំពុងរៀបចំផែនការប្រើប្រាស់គ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ Angara-A5 ដើម្បីបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនចេញពីមជ្ឈមណ្ឌលអវកាស Vostochny នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
រ៉ុក្កែត Angara-A5 គឺជាគ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ជំនាន់ថ្មីបំផុតរបស់រុស្ស៊ី ហើយវាត្រូវបានអភិវឌ្ឍន៍ដោយមជ្ឈមណ្ឌលផលិតនិងស្រាវជ្រាវផ្នែកអវកាសរបស់រដ្ឋាភិបាលរុស្ស៊ី Khrunichev ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ូស្គូនិងមានសមត្ថភាពផ្ទុកទម្ងន់បាន២៤.៥តោន ដើម្បីឡើងទៅកាន់គន្លងកម្រិតទាប (Low-Earth Orbit) របស់ផែនដី។ យោធារុស្ស៊ីកំពុងពិចារណាប្រើប្រាស់គ្រាប់រ៉ុក្កែតនេះ ដើម្បីបញ្ជូនផ្កាយរណបយោធាឡើងទៅអវកាស ដែលនឹងជួយពង្រឹងសមត្ថភាពនៃវិស័យការពារជាតិរបស់ប្រទេសរុស្ស៊ី ព្រមទាំងបណ្តាប្រទេសដែលជាដៃគូសន្តិសុខរបស់ខ្លួន។
គួរជម្រាបថា រុស្ស៊ីបានធ្វើតេស្តលើកដំបូងនៃរ៉ុក្កែត Angara-A5 កាលពីឆ្នាំ២០១៤ ហើយការបាញ់បង្ហោះសាកល្បងលើកទីពីរត្រូវបានគ្រោងថានឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៩នេះ៕