(អ៊ីស្លាម៉ាបាដ)៖ សហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតរកការពិតថា តើប៉ាគីស្ថានបានប្រើប្រាស់យន្ដហោះចម្បាំងអាមេរិក F-16 បាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ដោយរំលោភលើកិច្ចព្រមព្រៀងលក់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ នៅឯតំបន់កាស្មៀរ កាលពីចុងខែកុម្ភៈដែរ ឬក៏យ៉ាងណា។ នេះបើតាមអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ Reuters យ៉ាងខ្លីដូចដូច្នេះថា «យើងបានដឹងពីសេចក្ដីរាយការណ៍ទំាងនេះ និងកំពុងស្វែងរកព័ត៌មានបន្ថែម»។ ការអះអាងរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំប្រទេសប៉ាគីស្ថាន រូបនេះកើតមានឡើងបន្ទាប់ពី ឥណ្ឌាចោទប្រកាន់ត្រង់ៗថា ប៉ាគីស្ថាបានប្រើប្រាស់យន្ដហោះចម្បាំង F-16 បាញ់ទម្លាក់យន្ដហោះ MiG-21 ដែលខ្លួនទិញពីរុស្ស៊ី ដោយសំអាងលើផ្នែកខ្លះនៃមីស៊ីលចំងាយមធ្យម AMRAAM (បំពាកលើ F-16) រកឃើញនៅតំបន់កាស្មៀរ ប៉ែកទឹកដីឥណ្ឌា។
ចំណែកឯប៉ាគីស្ថានបានបដិសេធថា មិនបានប្រើប្រាស់ F-16 ហើយក៏មិនមានយន្ដហោះចម្បាំងណាមួយរបស់ខ្លួន ដែលត្រូវបានបាញ់ទម្លាក់នោះដែរ។ ប៉ុន្តែបើតាមស្ថានីយទូរទស្សន៍ CNN យន្ដហោះចម្បាំងដែលឥណ្ឌាអះអាងថា បានបាញ់ទម្លាក់នោះអាចជាយន្ដហោះធុន JF-17 ដែលផលិតឡើងរួមគ្នារវាងចិន និងប៉ាគីស្ថាន។
គួរជម្រាបថា បច្ចុប្បន្នប៉ាគីស្ថានប្រតិបត្តិការយន្ដហោះចម្បាំងអាមេរិក F-16 ចំនួន ៤៥គ្រឿង តាំងតែពីឆ្នាំ១៩៨០ មកម្ល៉េះ។ ប៉ុន្តែក្រោមកិច្ចព្រមព្រៀងអ្នកទិញពិសេសជាមួយសហរដ្ឋអាមេរិក ទីក្រុងអ៊ីស្លាម៉ាបាដត្រួវជូនដំណឹង និងទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិកជាមុនសិន នៅក្នុងករណីប្រតិបត្តិការហោះហើរក្រៅដែនអាកាសប៉ាគីស្ថាន៕