(ប៉េកាំង)៖ ខណៈទំហំកញ្ចប់ថវិកាសម្រាប់ចំណាយក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចេញនាថ្ងៃស្អែក អ្នកនាំពាក្យសភាប្រជាជនចិនបានបញ្ជាក់នាថ្ងៃចន្ទនេះថា ប្រទេសចិននឹងបង្កើនការចំណាយក្នុងវិស័យដ៏ចម្បងនេះ ក្នុងកម្រិតមួយដែលសមហេតុសមផល និងសមរម្យ ដើម្បីឲ្យស្របទៅតាមតម្រូវការសន្តិសុខជាតិ និងការធ្វើកំណែទម្រង់យោធារបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យលោក ចាង យ៉េស៊ុយ (Zhang Yesui) និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកបាននិយាយថា ចិនតែងតែបានដើរលើគន្លងផ្លូវនៃការអភិវឌ្ឍដោយសន្តិភាព។ លោក Zhang បាននិយាយដូច្នេះថា «ការរក្សាកំណើនមួយដែលសមហេតុសមផល និងសមរម្យ ក្នុងការចំណាយលើវិស័យការពារជាតិ គឺជាភាពចាំបាច់ដើម្បីការពារសន្តិសុខជាតិ និងដើម្បីកំណែទម្រង់របស់ប្រទេសចិន»។
លោក Zhang បានបន្តទៀតថា ការចំណាយលើវិស័យការពារជាតិដោយមានកំហិតនេះ គឺសម្រាប់តែតម្រូវការសន្តិសុខ និងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះ ហើយនឹងមិនបង្កការគំរាមកំហែងដល់ប្រទេសដទៃឡើយ ព្រោះថា បញ្ហាថាតើប្រទេសមួយបង្កការគំរាមកំហែងផ្នែកយោធា ដល់ប្រទេសឯទៀតដែរ ឬក៏អត់នោះ គឺអាស្រ័យលើគោលនយោបាយការពារជាតិ និងនយោបាយការបរទេសរបស់ប្រទេសនោះទៅវិញទេ ជាជាងទៅលើទំហំនៃកំណើនក្នុងការចំណាយលើវិស័យយោធា។
លោក Zhang បានសង្កត់ធ្ងន់ថា កាលពីឆ្នាំមុនចិនបានចំណាយត្រឹមតែ ១.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ទៅលើការចំណាយសម្រាប់វិស័យយោធាប៉ុណ្ណោះ បើធៀបជាមួយនឹងអត្រាជាង ០២ភាគរយនៃ GDP របស់ប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន។ កាលពីឆ្នាំ២០១៨ កញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិចិនមានទំហំ ១.១១ទ្រីលានយាន់ (ពាន់ពាន់លាន) ដែលស្មើនឹង ១៦៥.៥៥ពាន់លានដុល្លារ ខណៈកញ្ចប់ថវិកាការពារជាតិរបស់អាមេរិកមានទំហំដល់ទៅ ៧០០ពាន់លានដុល្លារ ហើយសម្រាប់ឆ្នាំ២០១៩នេះវិញ លោក ដូណាល់ ត្រាំ បានស្នើឲ្យកើនដល់ ៧៥០ពាន់លានដុល្លារឯណោះ។
គួរជម្រាបថា ការចំណាយរបស់ចិនទៅលើកងទ័ព បានស្ថិតក្រោមការឃ្លាំមើលមិនដាក់ភ្នែកឡើយ ទាំងនៅក្នុងតំបន់អាស៊ី និងពីសំណាក់ទីក្រុងវ៉ាស៊ីនតោននៅចំពោះមុខកម្មវីធីទំនើបកម្មដ៏គួរឲ្យស្ញើចសរសើរមួយ ដែលបានអភិវឌ្ឍន៍នូវយន្តហោះចម្បាំងបំបាំងបាយ (មិនងាយឲ្យរ៉ាដាចាប់បាន) នាវាដឹកយន្តហោះចម្បាំង និងមីស៊ីលប្រឆាំងផ្កាយរណបជាដើម៕