(ម៉ូស្គូ)៖ ប្រធានអគ្គសេនាធិការយោធា និងជាអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការពារជាតិរុស្ស៊ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) បានឲ្យដឹងថា បណ្តាគូប្រជែងផ្នែកទីតាំងភូមិសាស្រ្តនយោបាយរបស់ប្រទេសរុស្ស៊ី កំពុងតែត្រៀមលក្ខណៈរៀងៗខ្លួន ដើម្បីការធ្វើសង្រ្គាមបច្ចេកវិទ្យានៅក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទមួយស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្រ្តយោធា លោក Valery Gerasimov បានលើកឡើងថា បណ្តាគូប្រជែងផ្នែកភូមិសាស្រ្តនយោបាយរបស់រុស្ស៊ី កំពុងតែត្រៀមរៀបចំលក្ខណៈរៀងៗខ្លួន សម្រាប់ការធ្វើសង្រ្គាមបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់សព្វាវុធពីទីអវកាស និងការប្រើបច្ចេកវិទ្យាព័ត៌មានជាអាវុធជាដើម ហេតុដូចនេះការរិះរកយុទ្ធសាស្រ្តដែលសាកសម សម្រាប់ការត្រៀមធ្វើសង្រ្គាមជាមួយគូសត្រូវខុសពីពេលមុនៗ គឺមានសារៈសំខាន់ជាខ្លាំង ក្នុងការបង្កើតទ្រឹស្តីក៏ដូចជាការអនុវត្តនៃយុទ្ធសាស្រ្តយោធា។
បន្ថែមពីនេះ លោក Gerasimov បានសង្កត់ធ្ងន់ថា កងកម្លាំងយោធានៃប្រទេសរុស្ស៊ី ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ សម្រាប់ជម្លោះប្រដាប់អាវុធក្នុងទម្រង់ថ្មី ដែលនឹងតម្រូវឲ្យប្រើប្រាស់វីធីស្រាស្រ្តថ្មីៗ។ ថ្លែងពាក់ព័ន្ធនឹងគោលជំហរនយោបាយ និងយោធារបស់សហរដ្ឋអាមេរិក លោក Gerasimov បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងតែងាកទៅរកសកម្មភាពយោធាបែបឈ្លានពាន និងមានគោលដៅបំផ្លាញរាល់អធិបតេយ្យភាព នៃបណ្តាប្រទេសដែលពួកគេមិនពេញចិត្ត។
គួរបញ្ជាក់ថា ការបង្ហាញចេញនូវសព្វាវុធថ្មីៗ ជាពិសេសផ្កាយរណបយោធា និងមីស៊ីលផ្លោង និងការពារដែនអាកាសពីសំណាក់រុស្ស៊ីនាពេលនេះ គឺកើតមានឡើងក្រោយពីសហរដ្ឋអាមេរិកអនុម័តឲ្យមានការបង្កើតកងទ័ពអវកាស ដើម្បីការពារទីអវកាសអាមេរិកពីការវាយប្រហារនានាដោយសត្រូវ ដែលអាចកើតមាននៅថ្ងៃអនាគត ហើយប្រការនេះគឺសហរដ្ឋអាមេរិកចង់សំដៅលើ រុស្ស៊ី និងចិនតែម្តង៕