(ដូហា)៖ ក្រុមអ្នកចរចារបស់ក្រុមតាលីបង់ និងប្រតិភូតំណាងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដូហា ប្រទេសកាតានាពេលថ្មីៗនេះ មិនទាន់ អាចឈានដល់កិច្ចព្រមព្រៀង ឬសេចក្ដីថ្លែងការណ៍រួមណាមួយនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យតាលីបង់ ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
កិច្ចចរចារស្ដីពីការស្វែងរកសន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន រវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា មានការរីកចំរើនទៅមុខគួរឱ្យកត់សម្គាល់ កាលពីខែមករាកន្លងទៅ ប៉ុន្តែនេះវាបានបរាជ័យក្នុងការបង្កើតសេចក្តីថ្លែងការណ៍រួម។ ប៉ុន្តែតាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ិហាល់ឡាហ៍ មូហ្សាហ៊ីដ (Zabihullah Mujahid) បានបញ្ជាក់ថា កិច្ចចរចានេះមិនមានលទ្ធផលអ្វីនោះឡើយ។
លោក Mujahid បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចចរចានៅក្នុងទីក្រុងដូហានាពេលកន្លងមក ពិតជាមានការរីកចំរើនទៅមុខជាជំហានៗ... ប៉ុន្តែ កិច្ចចរចានាពេលបច្ចុប្បន្ន មិនមានការឯកភាពគ្នាលើកិច្ចព្រមព្រៀង ឬសេចក្ដីថ្លែងការណ៍រួមណាមួយនោះឡើយ»។
គួរបញ្ជាក់ថា កិច្ចចរចាជុំថ្មីរវាងក្រុមតាលីបង់ និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងក្នុងទីក្រុងដូហា ប្រទេសកាតាកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ហើយ ០៣ថ្ងៃក្រោយមក តំណាងពិសេសអាមេរិកសម្រាប់ការផ្សះផ្សាអាហ្វហ្កានីស្ថាន លោក ហ្សាល់ម៉ាយ ខាលីលហ្សាដ (Zalmay Khalilzad) ធ្លាប់បានចាត់ទុកថា វាកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា។
ទោះជាបែបនេះក្តី បើតាមប្រភពដឹងពីកិច្ចចរចានេះបានអះអាងថា ភាគីទាំងពីរនៅតែមាន ការខ្វែងគំនិតគ្នាជុំវិញការដកកងទ័ពបរទេស ចេញពីអាហ្វហ្គានីស្ថាន ខណៈមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនមិនបានកំណត់ពីការកាត់បន្ថយ ឬដកកងទ័ពរបស់ខ្លួនចេញពីប្រទេសមួយនេះឡើយ៕