(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ បានឱ្យដឹងថា​ការសម្រេចចិត្ត​របស់សហរដ្ឋអាមេរិក​ក្នុងការលុបចោល ​ការធ្វើ​សមយុទ្ធយោធា​ទ្រង់ទ្រាយធំជាមួយ​កូរ៉េខាងត្បូង គឺដើម្បីសន្សំថវិកា និងកាត់​បន្ថយភាពតាន​តឹងនឹង​​កូរ៉េខាងជើង ហើយ​សមយុទ្ធយោធា​ធម្មតាៗក្នុង​ទ្រង់ទ្រាយតូច ត្រូវបង្កើតដើម្បីជំនួសសមយុទ្ធកក្រើកៗ​ទាំងឡាយ។ នេះបើ​តាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់​បែបនេះ​នៅលើ Twitter និងបន្ទាប់ពី​មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ​បានប្រកាសលុបចោល ការធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំចំនួន ២ គឺ Key Resolve និង Foal Eagle ជាមួយ​កូរ៉េខាងត្បូង។​

សមយុទ្ធយោធា Foal Eagle គឺជាសមយុទ្ធយោធា​រួមគ្នាប្រចាំឆ្នាំធំជាងគេ​បង្អស់របស់អាមេរិក និងកូរ៉េខាងត្បូង​ដោយកន្លងមកវា​មានការចូលរួមពីកងទ័ព​កូរ៉េខាងត្បូង​ចំនួន ២០០,០០០នាក់ និងកងទ័ពអាមេរិក​ប្រមាណ ៣០,០០០នាក់។ ជាធម្មតារៀងរាល់ឆ្នាំ សមយុទ្ធនេះ​តែងប្រារព្ធ​ឡើង​អមជាមួយ​សមយុទ្ធ ​Key Resolve។ ចំពោះទីក្រុងព្យុងយ៉ាង​វិញ លំហាត់យោធាធំៗ​ទាំងពីរ​ ដែលជាទូទៅ​ត្រូវធ្វើឡើងចាប់ពី​ខែមីនា ដល់ខែមេសាខាងនេះ គឺជា​ការត្រៀមលក្ខណៈឈ្លានពាន​ទៅលើប្រទេស​ខ្លួន។

គួរបញ្ជាក់ថា ទោះបីជាប្រកាសលុបចោល​សមយុទ្ធយោធាទ្រង់ទ្រាយ​ក៏ពិតមែន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន​បានបង្កើត សមយុទ្ធយោធា​មួយ​ឈ្មោះ ដុងម៉ែង (Dong Maeng) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទនេះ ជំនួសសមយុទ្ធយោធា Key Resolve ខណៈសមយុទ្ធ​យោធាក្នុងកម្រិតតូចៗជាច្រើន​ទៀតនឹងជំនួសសមយុទ្ធ​យោធា Foal Eagle ដោយការធ្វើនេះ​មានចេតនា​សន្សំថវិកា និង​កុំឲ្យបង្កការ​ប៉ះទង្គិចខ្លាំង​ពេកដល់​កូរ៉េខាងជើង៕