(ប៉េកាំង)៖ រថភ្លើងពិសេសរបស់ប្រមុខមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងកាត់ទីក្រុង ធានជិន (Tianjin) ដែលនៅជាប់រដ្ឋធានីប៉េកាំងប្រទេសចិននាថ្ងៃចន្ទនេះ ពោលគឺបានសំដៅឆ្ពោះត្រង់ត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញតែម្តង ក្រោយជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
លោក គីម ជុងអ៊ុន បានចាកចេញពីស្ថានីយរថភ្លើង ដុងដាង (Dong Dang) នៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលរយៈពេល ០២ថ្ងៃជាមួយ លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីនោះ តបតាមការអញ្ជើញរបស់ប្រមុខរដ្ឋរៀតណាម។
រថភ្លើងរបស់លោក គីម ត្រូវគេអះអាងថា បានរត់ឆ្លងកាត់ក្រុង Tianjian កាលពីវេលាម៉ោង ០៧៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ពោលគឺវាបានធ្វើដំណើរតាមផ្លូវដដែល ដែលលោក គីម ជុងអ៊ុន បានចំណាយពេលជិត ៦៦ម៉ោង ដើម្បីជិះទៅកាន់ប្រទេសវៀតណាម។ កន្លងមកនេះមានការសន្និដ្ឋានថា លោក គីម អាចឈប់នៅក្រុង ក្វាងចូវ (Guangzhou) ឬក៏ប៉េកាំង ដើម្បីជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅតាមផ្លូវត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ប៉ុន្តែការពិតគឺមិនដូច្នោះឡើយ។
គួរជម្រាបថា រថភ្លើងរបស់លោក គីម ត្រូវគេរំពឹងថា នឹងទៅដល់ស្ថានីយរថភ្លើងចិន ដានដុង (Dandong) ហើយឆ្លងទន្លេ យ៉ាលូ Yalu (Amrok) ដែលនៅក្បែរព្រំប្រទល់ចិន-កូរ៉េខាងជើងនាយប់ថ្ងៃចន្ទនេះ៕