(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារអបអរសាទរដល់ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុន SpaceX ក្នុងឱកាសទទួលជោគជ័យនៃការបាញ់សាកល្បងជាលើកដំបូងនូវយាន Dragon 2 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។
ការបង្ហោះសារសាទររបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីយានអវកាស Dragon 2 ឬ Crew Dragon ត្រូវបានបាញ់បង្ហោះឡើងទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ក្នុងបេសកកម្មសាកល្បងលើកទី១របស់វា ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់អង្គការ NASA កាលពីវេលាម៉ោង០៣៖០០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ (ពេលវេលានៅភាគខាងកើតអាមេរិក) ហើយវាត្រូវគេរំពឹងថាទៅដល់ស្ថានីយ ISS នៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក)។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិរបស់ SpaceX គឺមហាសេដ្ឋី Elon Musk ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងអង្គការ NASA ផ្ទាល់ផងដែរ។ នៅក្រោមកិច្ចសន្យាជាមួយ NASA ក្រុមហ៊ុន SpaceX បានធ្វើការអភិវឌ្ឍយាន Crew Dragon ដោយយោងទៅលើយានដឹកទំនិញ Dragon (Dragon 1) ដែលបានបន្តហោះហើរទៅមកស្ថានីយ ISS ចាប់តាំងពីឆ្នាំ២០១២ម៉្លេះ។ សម្រាប់ការធ្វើតេស្តបាញ់បង្ហោះលើកដំបូងនេះរបស់យាន Crew Dragon គឺជាបេសកកម្មសាកល្បងដោយពុំមានវត្តមានមនុស្សពិតប្រាកដឡើយ គឺមានតែអវកាសយានិកជ័រម្នាក់ឈ្មោះថា Ripley ប៉ុណ្ណោះ។
គួរជម្រាបថា សហរដ្ឋអាមេរិកមិនធ្លាប់បានបញ្ជូនអវកាសយានិក ឡើងទីអវកាសចេញពីទឹកដីរបស់ខ្លួនផ្ទាល់ឡើយ ចាប់តាំងតែពីឆ្នាំ២០១១ ជាពេលដែលកម្មវិធីយាន Space Shuttle ត្រូវបានបញ្ចប់។ បច្ចុប្បន្ន ក្រុមអវកាសយានិកអាមេរិក បានធ្វើដំណើរទៅកាន់ស្ថានីយ ISS តាមរយៈយានអវកាសរុស្ស៊ី Soyuz។
ប៉ុន្តែអាមេរិកមិនបោះបង់ចោលរឿងនេះឡើយ ដោយនៅឆ្នាំ២០១៤ អង្គការ NASA បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន SpaceX និង Boeing ដើម្បីអភិវឌ្ឍន៍យានសម្រាប់ដឹកមនុស្សមួយគ្រឿង ហើយទទួលបន្ទុកនូវការដឹកជញ្ជូនអវកាសយានិកអាមេរិកឡើងទៅកាន់ស្ថានីយ ISS តែកន្លងមកនេះកាលបរិច្ឆេទនៃការចាប់ផ្តើមបាញ់បង្ហោះយានអវកាសរបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានពន្យារពេលជាច្រើនលើកច្រើនសា។
យ៉ាងណាមិញ បើតាមទិន្នន័យចុងក្រោយបំផុត យាន Crew Dragon នឹងត្រូវធ្វើតេស្តជាលើកដំបូងដោយមានវត្តមានមនុស្សនៅខែកក្កដា ឆ្នាំ២០១៩នេះ រីឯយាន Starliner ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ Boeing ត្រូវគេរំពឹងថានឹងអាចធ្វើការសាកល្បងបាញ់បង្ហោះដោយគ្មានដឹកមនុស្សជាលើកដំបូងទៅកាន់ស្ថានីយ ISS នៅខែមេសា ខាងមុខនេះ ខណៈការហោះហើរដោយមានដឹកមនុស្សគឺនៅអំឡុងរដូវក្តៅឆ្នាំនេះ (ចន្លោះខែមិថុនានិងខែកញ្ញា) ៕