(សេអ៊ូល)៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាថ្មីហៅថា «Dong Maeng» នាថ្ងៃចន្ទស្អែកនេះ ដើម្បីជំនួសសមយុទ្ធយោធាទ្រង់ទ្រាយធំ Foal Eagle និង Key Resolve ដែលប្រទេសទាំងពីរទើបតែបានប្រកាសថាឈប់ធ្វើទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់សេនាធិការចម្រុះកូរ៉េខាងត្បូង និងទីបញ្ជាការកងកម្លាំងអាមេរិក-កូរ៉ខាងត្បូង សមយុទ្ធយោធាថ្មីនេះ ត្រូវបានកែសម្រួលនិងកាត់បន្ថយទំហំពីសមយុទ្ធចាស់ គឺ Foal Eagle និង Key Resolve ហើយនឹងផ្តោតសំខាន់ទៅលើផ្នែកយុទ្ធសាស្រ្តនិងប្រតិបត្តិការនៃប្រតិបត្តិការយោធាទូទៅនៅឧបទ្វីបកូរ៉េ។ សមយុទ្ធ Dong Maeng ដែលមានន័យថា «សម្ព័ន្ធភាព» នេះ នឹងប្រព្រឹត្តទៅរយៈពេល០៩ថ្ងៃ គឺរហូតដល់ថ្ងៃទី១២ ខែមីនា។
គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យដដែលនេះ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានសម្រេចចិត្តបញ្ឈប់ការដឹកនាំធ្វើសមយុទ្ធ Foal Eagle និង Key Resolve ហើយងាកទៅផ្តោតលើកម្មវិធីហ្វឹកហ្វឺនសមត្ថភាពនិងលំហាត់យោធារួមថ្មី ដែលមានទំហំតូចៗវិញ ក្រោមគោលដៅរក្សានូវកិច្ចចរចាបញ្ហានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង តែស្របពេលជាមួយគ្នាក៏អាចរក្សានូវសមត្ថភាពត្រៀមលក្ខណៈរបស់យោធានៃសម្ព័ន្ធមិត្តទាំងពីរផងដែរ៕