(វ៉ាស៊ីនតោន)៖ នាថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានប្រកាសថា ពួកគេនឹងលែងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន០២ ដែលកន្លងមកសម្ព័ន្ធមិត្តទាំងពីរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំតទៀតហើយ ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីជាការគាំទ្រដល់កិច្ចប្រឹងប្រែងលើកស្ទួយទំនាក់ទំនងមួយកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។
ក្រសួងការពារជាតិអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ប្រមុខការពារជាតិនៃប្រទេសទាំងពីរ បានសម្រេចបញ្ឈប់ ការធ្វើសមយុទ្ធរួមប្រចាំឆ្នាំដែលមានឈ្មោះថា Foal Eagle និង Key Resolve ហើយងាកទៅផ្តោតលើកម្មវិធីហ្វឹកហាត់សមត្ថភាពថ្មីដែលមានទំហំតូចៗវិញ ដើម្បីជាការជួយជ្រោមជ្រែងដល់កិច្ចប្រឹងប្រែងផ្នែកការទូត ដែលកំពុងតែបន្តសំដៅសម្រេចឲ្យបាននូវការំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាជាមួយទីក្រុងព្យុងយ៉ាង។
គួរជម្រាបថា សមយុទ្ធយោធា Foal Eagle គឺជាសមយុទ្ធយោធារួមប្រចាំឆ្នាំធំជាងគេបង្អស់របស់អាមេរិកនិងកូរ៉េខាងត្បូង ដោយកន្លងមកវាមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងចំនួន២០០,០០០នាក់ និងកងទ័ពអាមេរិកប្រមាណ៣០,០០០នាក់ ហើយសមយុទ្ធនេះតែងប្រារព្ធឡើងអមជាមួយសមយុទ្ធ Key Resolve ខណៈចំពោះទីក្រុងព្យុងយ៉ាង លំហាត់យោធាធំៗទាំងពីរ ដែលជាទូទៅធ្វើឡើងចាប់ពីខែមីនាដល់ខែមេសានេះ គឺជាការត្រៀមលក្ខណៈឈ្លានពានទៅលើប្រទេសខ្លួន៕