(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ទៅកាន់សមភាគីអាមេរិក លោក Mike Pompeo ថា ការព្យាយាមលូកដៃរបស់សហរដ្ឋអាមេរិកចូលក្នុងបញ្ហាផ្ទៃក្នុងរបស់វេណេស៊ុយអេឡា និងការគំរាមកំហែងទៅលើប្រទេសអាមេរិកឡាទីននេះ ពុំមានអ្វីទាក់ទងជាមួយដំណើរការលទ្ធិប្រជាធិបតេយ្យឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។
បើតាមការឲ្យដឹងពីក្រសួងការបរទេសរុស្ស៊ី លោក Lavrov បានធ្វើការលើកឡើងបែបនេះ ក្នុងជំនួបសន្ទនាគ្នាមួយតាមទូរស័ព្ទជាមួយលោក Pompeo កាលពីថ្ងៃសៅរ៍។ អំឡុងកិច្ចសន្ទនានោះ លោក Lavrov បានរិះគន់ថា ពាក្យសម្តីគំរាមកំហែងរបស់អាមេរិកប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡាស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ និងជាការបំពានលើច្បាប់អន្តរជាតិ។
មិនតែប៉ុណ្ណោះ លោក Lavrov ក៏បានបន្ទោសរដ្ឋមន្រ្តីការបរទេសអាមេរិក ជុំវិញការប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការជះឥទ្ធិពលលើស្ថានការណ៍នៅវេណេស៊ុយអេឡា ក្រោមរូបភាពនៃការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអាមេរិកឡាទីន ដែលកំពុងជួបវិបត្តិនេះផងដែរ។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា «ទង្វើទាំងនេះគ្មានពាក់ព័ន្ធអ្វីនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យឡើយ»។
ទាក់ទិននឹងសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលសំដៅចង់រៀបចំការពិគ្រោះយោបល់គ្នាជុំវិញបញ្ហាវេណេស៊ុយអេឡាវិញ លោក Lavrov បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែបានរម្លឹកលោក Pompeo ថា គោលការណ៍នៃធម្មនុញ្ញរបស់អង្គសហប្រជាជាតិ ត្រូវតែគោរពតាមយ៉ាងម៉ឹងម៉ាត់ ព្រោះថាមានតែប្រជាជនវេណេស៊ុយអេឡាផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើជោគវាសនានៃប្រទេសរបស់ពួកគេ៕