(ញូដេលី)៖ យោធាឥណ្ឌា និងប៉ាគីស្ថាននៅតែបន្តបាញ់គ្រាប់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅក្នុងតំបន់កាស្មៀរ ដោយបានផ្ដាច់ជីវិត ជនស៊ីវិលជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ស្តី្រម្នាក់អាយុ២៤ឆ្នាំ និងកូន២នាក់ ត្រូវបានសម្លាប់កាលពីយប់ថ្ងៃសុក្រនៅក្បែរតំបន់ បន្ទាត់ព្រំដែនកាស្មៀរប៉ែកខាងទឹកដីឥណ្ឌា ហើយជាច្រើននាក់បានរងរបួសធ្ងន់ក្នុងការបាញ់កំាភ្លើងធំដាក់គ្នានេះ។​ ចំណែកឯ នៅប៉ែក ខាងប៉ាគីស្ថាន គ្រាប់កាំភ្លើងបាញ់ចេញដោយយោធាឥណ្ឌាក៏បានផ្ដាច់ជីវិតក្មេងប្រុសម្នាក់ ហើយបង្កឱ្យមនុស្ស៣នាក់ទៀតរងរបួស ផងដែរ។ ប៉ុន្តែបើតាមសារព័ត៌មាន Al Jazeera គិតជាសរុបជនស៊ីវិល៥នាក់ និងយោធា២នាក់ បានបាត់បង់ជីវិតនៅក្នុង ការវាយប្រយុទ្ធគ្នានេះ។

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានកើតមានឡើង នៅចំពេលមានសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង ក្រោយអាជ្ញាធរទីក្រុងអ៊ីស្លាមម៉ាបាត ប្រគល់ពីឡុតឥណ្ឌាម្នាក់ឱ្យទីក្រុងញូដេលីវិញ បន្ទាប់ពីយន្ដហោះចម្បាំងរបស់គាត់ត្រូវបានបាញ់ ទម្លាក់ដោយកងទ័ពអាកាសប៉ាគីស្ថានកាលពីថ្ងៃពុធ៕