(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះលើរថភ្លើងត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញហើយនៅរសៀល ថ្ងៃសៅរ៍នេះបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់នោះ៕
២៖ ទោះបីជាសហរដ្ឋអាមេរិក និងអង្គការ NATO ព្យាយាមដាក់សម្ពាធម្តងហើយម្តងទៀត ឲ្យរដ្ឋាភិបាលតួកគីលុបចោល កិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយ ក៏អ្វីៗហាក់នៅតែគ្មានប្រយោជន៍ដដែលខណៈ តម្លៃរបស់ប្រព័ន្ធមីស៊ីលអាមេរិកគឺ ៣.៥ពាន់លានដុល្លារ ដែលថ្លៃជាផលិតផលរុស្ស៊ីរហូតដល់ទៅបីដងនោះ គឺជាអ្វីដែលតួកគីមើលឃើញនឹងភ្នែក៕
៣៖ យានអវកាសអាមេរិកដំបូងគេបំផុត ដែលមានសមត្ថភាពដឹកអវកាសយានិក ចាប់តាំងពីការចូលនិវត្តន៍នៃយាន Space Shuttle ត្រូវបានបាញ់បង្ហោះហើយនៅទាបភ្លឺថ្ងៃសៅរ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងរសៀលថ្ងៃសៅរ៍នេះ ពេលវេលានៅកម្ពុជា) ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX៕
៤៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចថានឹងធ្វើការបន្ថយទំហំនៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលកន្លងមកតែមានទ្រង់ទ្រាយធំ នាំឲ្យកក្រើកឧបទ្វីបកូរ៉េ ខណៈចំណាត់ការដែលនឹងសម្រេចជាផ្លូវការនាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថា ជាការគោរពដល់កិច្ចព្រមព្រៀងកន្លងមកជាមួយកូរ៉េខាងជើង បើទោះបីជាកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីបីត្រូវបានបញ្ចប់ទៅដោយភាពបរាជ័យក៏ដោយ៕
៥៖ ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្តមិនផ្ដល់ទិដ្ឋាការដល់បុគ្គល៤៩នាក់ ដែលមានសម្ព័ន្ធភាពជាមួយ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសំអាងថាអ្នកទាំងនេះបានចូលរួមក្នុងសកម្មភាពបំផ្លាញដល់លិទ្ធិប្រជាធិបតេយ្យនៃប្រជាជាតិអាមេរិកឡាទីនមួយនេះ៕
៦៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានស្នើឱ្យចិនលុបចោលរាល់ពន្ធទាំងឡាយលើផលិត ផលកសិកម្មអាមេរិកជាបន្ទាន់ ដោយសារតែលោកបានសម្រេចចិត្តពន្យារពេលការតម្លៃពន្ធលើទីក្រុងប៉េកាំង ដែលដំបូងឡើយត្រូវ ចូលជាធរមាននៅថ្ងៃទី០១ ខែមីនា៕