(អង់ការ៉ា)៖ ទោះបីជាសហរដ្ឋអាមេរិក និងអង្គការ NATO ព្យាយាមដាក់សម្ពាធម្តងហើយម្តងទៀត ឲ្យរដ្ឋាភិបាលតួកគីលុបចោលកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយ ក៏អ្វីៗហាក់នៅតែគ្មានប្រយោជន៍ដដែល ខណៈតម្លៃរបស់ប្រព័ន្ធមីស៊ីលអាមេរិកគឺ ៣.៥ពាន់លានដុល្លារ ដែលថ្លៃជាផលិតផលរុស្ស៊ីរហូតដល់ទៅបីដងនោះ គឺជាអ្វីដែលតួកគីមើលឃើញនឹងភ្នែក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
តាមប្រភពពីមន្ត្រីរដ្ឋាភិបាលតួកគីបានឲ្យដឹងជាថ្មីម្តងទៀតថា តួកគីបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលចង់លក់ប្រព័ន្ធមីស៊ីល Patriot ដ៏មានអានុភាពទៅឲ្យតួកគីនៅចុងឆ្នាំ២០១៩ ប៉ុន្តែរឿងនេះអាចកើតឡើងបាន លុះត្រាណាតែទីក្រុងអង់ការ៉ា ព្រមលុបចោលកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលដ៏មានអានុភាពបំផុតរបស់រុស្ស៊ី S-400 ជាមុនសិន បើទោះបីជាតួកគីបានប្រាប់ហើយប្រាប់ជាច្រើនដងហើយថា អង្ករបានក្លាយជាបាយបាត់ទៅហើយក៏ដោយ។
គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីតួកគីនេះ គឺបានកើតមានឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពីប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានបញ្ជាក់ថា ប្រទេសតួកគីមិនអាចទទួលយកបាននោះឡើយទៅនឹងផ្តល់ដោយអាមេរិក ដែលចង់ឲ្យប្រាក់កម្ចីទៅតួកគី ដើម្បីទិញប្រព័ន្ធការពារមីស៊ីល Patriot ពីខ្លួន ឬក៏ឲ្យអ្នកជំនាញតួកគីចូលរួចក្នុងការផលិត ប្រព័ន្ធមួយនេះជាមួយអាមេរិកនោះ៕