(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្រេចថា​នឹងធ្វើការបន្ថយ​ទំហំនៃការ​ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលកន្លងមក​តែមានទ្រង់ទ្រាយធំ​ នាំឲ្យកក្រើក​ឧបទ្វីបកូរ៉េ ខណៈចំណាត់ការ​ដែលនឹងសម្រេច​ជាផ្លូវការនា​ពេលខាង​មុខ​នេះ ត្រូវបានគេ​មើលឃើញថា ជាការគោរព​ដល់​កិច្ចព្រមព្រៀងកន្លង​មក​ជាមួយកូរ៉េខាងជើង បើទោះបីជា​កិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីបីត្រូវបាន​បញ្ចប់ទៅ​ដោយ​ភាពបរាជ័យ​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​សារព័ត៌មានចិន ស៊ីនហួរ នា​ល្ងាចថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៩។

សម្រាប់សមយុទ្ធយោធា​ប្រចាំឆ្នាំដែលត្រូវបានសម្រេច ឲ្យបន្ថយទំហំនោះ​មានដូចជា Key Resolve និង Foal Eagle ដែលត្រូវបានប្តូរឈ្មោះមកត្រឹមជាការ​ហ្វឹហ្វឹកជំនាញ​ធម្មតាវិញ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មានអាមេរិក NBC ដែលត្រូវ​បានដកស្រង់​នៅថ្ងៃសៅរ៍នេះ ក្រោយកិច្ចប្រជុំ​រវាងមន្ត្រីតំណាងក្រសួង​ការពារជាតិ នៃសហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង។ ជាច្រើន​ឆ្នាំកន្លងមក កូរ៉េខាងជើង​តែងតែបាន​ចាត់ទុកថា សមយុទ្ធ​ខាងលើនេះ គឺមានចេតនា​ឈ្លានពានខ្លួន និងបានព្រមានវាយបកវិញ​ជា​រឿយៗ។

ទោះបីជា​មានការលើក​ឡើងថា វាជាការ​ធ្វើឡើង​ដើម្បីកុំឲ្យប៉ះពាល់​ដល់​កូរ៉េខាងជើង​​ក៏ដោយ ក៏មន្ត្រីការពារជាតិ​នៃប្រទេស​ទាំងពីរ បានថ្លែងរួមគ្នា​ក្នុងសន្និសីទសារព័ត៌មាន​នៃទីក្រុង​វ៉ាស៊ីនតោនថា សេចក្តីសម្រេចនេះ​គឺមិនពាក់ព័ន្ធទៅនឹង​ជំនួប​កំពូលលើកទីពីររវាង លោកប្រធានាធិបតី ដូណាល់​ ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានបរាជ័យ​នៅវៀតណាម​នោះឡើយ ព្រោះប្រទេស​ទាំងពីរ​បានពិភាក្សាគ្នានាពេលកន្លងមករួចហើយ ខណៈកត្តា​ចំណាយ​ទៅលើការធ្វើសមយុទ្ធរាល់​ដង គឺជាបញ្ហាចម្បង​ដែលរដ្ឋបាល ត្រាំ ចង់កាត់​បន្ថយ៕