(វ៉ាស៊ីនតោន)៖ យានអវកាសអាមេរិកដំបូងគេបំផុត ដែលមានសមត្ថភាពដឹកអវកាសយានិក ចាប់តាំងពីការចូលនិវត្តន៍នៃយាន Space Shuttle ត្រូវបានបាញ់បង្ហោះហើយនៅទាបភ្លឺថ្ងៃសៅរ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងរសៀលថ្ងៃសៅរ៍នេះ ពេលវេលានៅកម្ពុជា) ដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
យានអវកាសផលិតដោយក្រុមហ៊ុន SpaceX ឈ្មោះថា Crew Dragon ត្រូវបានបាញ់បង្ហោះនៅម៉ោង ២៖៤៩នាទីរំលងអធ្រាត្រ (ម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិកដែលស្មើនឹងម៉ោងជិត ០៣រសៀលនៅកម្ពុជា) ចេញពីមជ្ឈមណ្ឌល Kennedy Space Center ក្នុងរដ្ឋ Florida របស់ទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។
ពុំមានវត្តមានក្រុមអវកាសយានិកនៅក្នុងយាន Dragon នេះទេ ខណៈមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដែលជាតួអង្គឯកក្នុងកម្រងខ្សែភាពយន្តព្រឺព្រួច-វិទ្យាសាស្រ្តបែបក្លាស៊ិក ដ៏ល្បីរបស់ហូលីវូដ Alien។ អវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ក៏ដូចជាវាស់វែងទៅលើកម្លាំង ល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខ នៅក្នុងយានអវកាសនេះ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាជំហានដ៏សំខាន់មួយនៃក្ដីសម័យរបស់ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk ដែលធ្លាប់បាននិយាយថា ក្រុមហ៊ុនអវកាសរបស់លោកនឹងនាំមនុស្សទៅកាន់ទីអវកាស៕