(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ (Juan Guaido) បានឱ្យដឹងថា យោធាវេណេស៊ុយអេឡា ៦០០នាក់ បានបោះបង់ចោលរដ្ឋាភិបាលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប្រជាជនខ្លួនឯង ដោយសារតែ ការរាំងខ្ទប់ជំនួយអាមេរិកនៅតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
លោក Guaido ធ្វើការកត់សម្គាល់ដូចខាងលើ នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសប៉ារ៉ាហ្គាយ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លើសពីនេះទៅទៀត មេបក្សប្រឆាំងវេណេស៊ុយអេឡាក៏បានអះអាង ដោយគ្មានភស្ដុតាងបញ្ជាក់ នៅក្នុងជំនួបជាមួយប្រធានាធិបតីអាហ្សង់ទីនលោក ម៉ររីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) ក្នុងទីក្រុងប៊ុយណូអ៊ែរែស (Buenos Aires) ក្នុងថ្ងៃដដែលផងដែរថា យោធាវេណេស៊ុយអេឡា ៨០ភាគរយ បានបង្ហាញការគំាទ្រឱ្យមានការផ្លាស់ប្ដូររបបដឹកនាំហើយថា លោកនឹងស្វះស្វែងរកការគាំទ្របន្ថែម។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Juan Guaido កំពុងប្រឈមមុខជាប់ពន្ធនាគារ ៣០ឆ្នាំ បើសិនជាត្រឡប់ចូលស្រុកវិញ ក្រោយត្រូវបានអាជ្ញាធរទីក្រុងការ៉ាកាស់ចោទថា បានរំលោភលើបទបញ្ជារបស់តុលាការកំពូល ដែលហាមរូបលោកចេញពីប្រទេស។ ប៉ុន្តែលោកនៅតែចាកចេញទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) និងមេដឹកនាំជាច្រើនទៀតនៅក្នុងតំបន់។
តែទោះជាយ៉ាងណា មេបក្សប្រឆាំងរូបនេះធ្លាប់បានអះអាងថា លោកនឹងត្រឡប់ចូលវេណេស៊ុយអេឡាវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ (ម៉ោងនៅក្នុងតំបន់) បើទោះបីជាលោក និងគ្រួសារទទួលបានការព្រមានចាប់ខ្លួនដាក់ពន្ធនាគារក៏ដោយ ហើយលោកមានគម្រោងបន្តបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអក្វាឌ័រនៅថ្ងៃសៅរ៍នេះ៕