(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះលើរថភ្លើងត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញហើយ នៅរសៀលថ្ងៃសៅរ៍នេះបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ០៤ថ្ងៃក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
មុនធ្វើដំណើរចាកចេញលោក គីម ជុងអ៊ុន ត្រូវបានទទួលស្វាគមន៍យ៉ាកក់ក្ដៅពីប្រជាជននៅក្នុងតំបន់ និងក្រុមមន្ត្រីវៀតណាម នៅឯស្ថានីយរថភ្លើងនៃទីក្រុង Dong Dang ហើយលោកក៏ត្រូវបានគេរំពឹងដែរថា នឹងចំណាយពេលច្រើនជាង ៤០ម៉ោង ក្នុងចំងាយ ផ្លូវជា ៤,៥០០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងវិញ។
ងាកទៅកាន់សារព័ត៌មានរដ្ឋកូរ៉េខាងជើងវិញ គឺបានចុះផ្សាយដោយចាត់ទុកវៀតណាមជាប្រទេសដែលស្ថិតក្នុងគោលដៅប្រសើរមួយ សម្រាប់ប្រមុខដឹកនាំ គីម ក្នុងការបំពេញទស្សនកិច្ច។ សម្រាប់ដំណើរទស្សនកិច្ច ដែលចាប់ផ្តើមជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបានទទួលស្វាគមន៍ដោយប្រធានបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីវៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋនៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើងកំពុងតែព្យាយាម បើកចំហទ្វារទៅកាន់អន្តរជាតិដើម្បីងាកទៅផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ចំពោះមុខទណ្ឌកម្មអន្តរជាតិ។
បន្ថែមពីខាងលើនេះ លោក គីម ត្រូវបានទទួលស្វាគមន៍ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ហ្សួនភុក និងប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីគីមង៉ាន ផងដែរ។ រហូតដល់ថ្ងៃសៅរ៍នេះ លោក គីម និងគណៈប្រភិភូកូរ៉េខាងជើង បានបំពេញទស្សនកិច្ចទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធលោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម ដែលជាមិត្តជិតស្និទ្ធនឹងជីតា គីម អ៊ីលស៊ុង។
គួរបញ្ជាក់ថា គិតចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់តំណែងរយៈពេលជាង ៦ឆ្នាំ ក្រោយឪពុករបស់លោកបានទទួលមរណភាពកាលពីចុងឆ្នាំ២០១១ នោះមក វៀតណាមគឺជាដែនដីបរទេសទី ៤ ហើយដែលលោក គីម បានមកបំពេញដំណើរទស្សនកិច្ច ដែលទីមួយគឺប្រទេសចិន ទីពីរប្រទេសកូរ៉េខាងត្បូង និងទីបីគឺប្រទេសសិង្ហបុរី តែក្នុងអំឡុងពេល ១២ខែចុងក្រោយនេះប៉ុណ្ណោះ៕