(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានស្នើឱ្យចិន​លុបចោលរាល់ពន្ធ​ទាំងឡាយ​លើផលិត ផលកសិកម្ម​អាមេរិក​ជាបន្ទាន់ ដោយ​សារតែលោកបាន​សម្រេចចិត្តពន្យារពេលការតម្លៃពន្ធលើទីក្រុង​ប៉េកាំង ដែលដំបូង​ឡើយត្រូវ ចូលជាធរមាន​នៅថ្ងៃទី០១ ខែមីនា។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter​ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសុំឱ្យចិន​លុបចោលជា​បន្ទាន់ នូវរាល់ពន្ធទាំងអស់​លើផលិតផលកសិកម្ម​របស់យើង (ក្នុងនោះ​រួមមាន​ទាំងសាច់គោ និងសាច់ជ្រូក​ជាដើម) ដោយឈរ​លើមូលដ្ឋាន​នៃកិច្ចពិភាក្សា​ពាណិជ្ជកម្ម... ហើយនេះគឺជារឿង​ដ៏សំខាន់សម្រាប់​កសិករដ៏អស្ចារ្យ​របស់​យើង និងខ្ញុំ!»

គួរជម្រាបថា ប្រទេសចិន និងសហរដ្ឋអាមេរិក​បានចាប់ផ្ដើមធ្វើសង្រ្គាមដាក់ដំឡើងពន្ធ​ដាក់គ្នទៅវិញទៅមក​ កាលពីខែមិថុនា ឆ្នាំ២០១៨ ពោលគឺ​បន្ទាប់ពីលោក ត្រាំ ប្រកាសដំឡើងពន្ធ ៥០ពាន់លានដុល្លារ​ លើផលិតផលនាំចូលពីចិន​ជាច្រើនមុខ ដើម្បីកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន។ ប៉ុន្តែខណៈ​នេះប្រទេសទាំង ២ កំពុងស្ថិតក្នុងដំណាក់កាល​ចរចា​ពាណិជ្ជកម្ម ប្រធានាធិបតី​អាមេរិករូបនេះ​បានសម្រេច​ចិត្ត ពន្យារពេល​ការដំឡើងពន្ធ ២០០ ពាន់លានដុល្លារ​លើផលិតផលចិន​ ដែលដំបូងឡើយត្រូវផុតកំណត់នៅ​ថ្ងៃទី០១ ខែមីនានេះ៕