(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានអំពាវនាវឱ្យប្រជាជនឥណ្ឌាទាំងអស់រក្សាឯកភាពជាតិ ខណៈកំពុងមាន ភាពតឹងជាមួយប្រទេសប៉ាគីស្ថាន ហើយមិនតែប៉ុណ្ណោះលោកក៏បានជម្រុញផងដែរកុំឱ្យគណបក្សប្រឆាំងមួយចំនួននៅក្នុងប្រទេស ប្រើ ប្រាស់ភាពតានតឹងនេះដើម្បីកេងចំណេញនយោបាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
លោក Modi ធ្វើការអំពាវនាវបែបនេះ នៅឯកិច្ចប្រជុំមួយក្នុងទីក្រុង កាន់យ៉ាគូម៉ារី (Kanyakumari) នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នាឱកាសនោះ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងដ៏សោកសៅ ដែលគណបក្សប្រឆាំងមួយក្ដាប់តូច ចង់កេងចំណេញនយោបាយ តាមរយៈការញុះញង់ឱ្យស្អប់ Modi តែផ្ទុយទៅវិញនេះគឺជាការចាប់ផ្ដើម ស្អប់ប្រជាជាតិឥណ្ឌាទាំងមូល។ ម្យ៉ាងវិញទៀត ខណៈប្រជាជនឥណ្ឌាគាំទ្រកងទ័ពរបស់យើង ពួកគេបែរជាសង្ស័យលើកងទ័ពជាតិខ្លួន និងគាំទ្រប៉ាគីស្ថានទៅវិញ»។
គួរបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថានកាលពីថ្ងៃសុក្រ បានប្រគល់ពីឡុត លោក អាប៊ីណាន់ដេន វ៉ាថាម៉ាន់ (Abhinandan Varthaman) ទៅឱ្យឥណ្ឌាវិញហើយ ក្រោយ យន្ដហោះចម្បាំងរបស់លោកត្រូវបានបាញ់ទម្លាក់ និងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃពុធ។ ការប្រគល់នេះ គឺធ្វើឡើងទៅតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបានបង្ហាញជំហរចង់រក្សាសន្តិភាពជាមួយឥណ្ឌា៕