(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្ទោសកូរ៉េខាងជើងថា ជាអ្នកទទួលខុសត្រូវលើការស្លាប់របស់និស្សិតអាមេរិក អូតតូ វ៉មប៊ីយើ (Otto Warmbier) ប៉ុន្តែលោកមិនបានលើកចំឈ្មោះលោក គីម ជុងអ៊ុន ឡើយជាហេតុធ្វើឱ្យគ្រូសារនិស្សិតរូបនេះអាក់អន់ស្រពន់ចិត្តជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៩។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងនិស្សិតអាមេរិក Warmbier ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាលើកទី ២ របស់លោកជាមួយលោក គីម ជុងអ៊ុន ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ក្រៅតែពីការសន្យាមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលឡើងវិញ។
លោក ត្រាំ បានគូសបញ្ជាក់លើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះយ៉ាងដូច្នេះថា «ខ្ញុំមិន ចូលចិត្តទាល់តែសោះការបកស្រាយខុស ជាពិសេសពាក់ព័ន្ធនឹង Otto Warmbier និងគ្រួសាររបស់លោក... ដ្បិតជាការពិតខ្ញុំបានឱ្យ កូរ៉េខាងជើងទទួលខុសត្រូវចំពោះការធ្វើបាប និងការស្លាប់របស់ Otto»។ លោក ត្រាំ បន្ថែមថាលោកបាននាំយកនិស្សិត Otto និងមនុស្សបីនាក់ផ្សេងទៀតពីកូរ៉េខាងជើង ខណៈគ្មានប្រធានាធិបតីអាមេរិកម្នាក់ អាចធ្វើដូចលោកនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ គ្រួសារនិស្សិតអាមេរិករូបនេះបានថ្កោលទោស និងសម្ដែងការអាក់ស្រពន់ចិត្តជាខ្លាំងចំពោះការលើកឡើង និងការសរសើររបស់លោក ត្រាំ ដល់លោក គីម ជុងអ៊ុន នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ គ្រួសារនិស្សិត Otto បានឆ្លើយតបទៅនឹងលោក ត្រាំ យ៉ាងដូច្នេះវិញថា «គីម និងរបបដឹកនាំដ៏ឃោឃៅរបស់លោក គឺជាអ្នកទទួលខុសត្រូវលើការស្លាប់នៃកូនប្រុសជា ទីស្រឡាញ់របស់ពួកយើង... ហើយគ្មានលេស ឬការសរសើរអាចផ្លាស់ប្ដូរការពិតនេះបានឡើយ»។
គួររំលឹកថា និស្សិត Otto Warmbier មានអាយុ ២២ឆ្នាំ បានបាត់បង់ជីវិតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានកូរ៉េខាងជើងបញ្ជូនត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញកាលពីឆ្នាំ២០១៧។ ចំណែកឯតុលាការអាមេរិកវិញ ក៏បានចេញសាលក្រមបញ្ជាឱ្យកូរ៉េខាងជើងសងប្រាក់ជំងឺចិត្ត ៥០១លានដុល្លារ ចំពោះការធ្វើទារុណកម្ម និងការស្លាប់របស់និស្សិតរូបនេះដែរ៕