(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានឲ្យដឹងនាថ្ងៃសុក្រនេះថា នឹងមានកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃទាំងពីរ នៅទីក្រុងហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
កិច្ចប្រជុំកំពូលលើកទីពីររវាងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទបញ្ចប់ទៅភ្លាមៗផ្ទុយពីការគ្រោងទុក ដោយពិធីទទួលទានអាហារថ្ងៃត្រង់និងចុះហត្ថលេខាត្រូវបានលុបចោល ហើយពុំមានការចេញសេចក្តីថ្លែងការណ៍រួមអ្វីទាំងអស់។
ជុំវិញភាពបរាជ័យនេះ ភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ដោយលោក ត្រាំ បានអះអាងថា ទីក្រុងព្យុងយ៉ាងចង់ឲ្យទណ្ឌកម្មទាំងអស់ត្រូវដកចេញ ខណៈរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានអះអាងថា ប្រទេសរបស់លោក គ្រាន់តែចង់ឲ្យមានការដកទណ្ឌកម្មមួយចំនួនប៉ុណ្ណោះ ដែលជាថ្នូរនឹងការបំផ្លាញរាល់ទីតាំងផលិតវត្ថុធាតុនុយក្លេអ៊ែរនៅតំបន់ Yongbyon របស់កូរ៉េខាងជើង។
ទោះជាបែបនេះក្តី នាថ្ងៃសុក្រនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចាត់ទុកជំនួបកំពូលនៅហាណូយថា ជាជោគជ័យមួយ និងថា លោក គីម បានសន្យាលោក ត្រាំ អំពីការជួបមុខគ្នាម្តងទៀត។ ជាមួយគ្នានេះដែរ មុនពេលចាកចេញពីទីក្រុងហាណូយ លោក ត្រាំ ក៏បានបង្ហាញក្តីសង្ឃឹមដែរថា នឹងអាចជួបលោក គីម ជាថ្មី ប៉ុន្តែអត់ទាន់មានគម្រោងនោះទេ៕