(ម៉ូស្គូ)៖ ខណៈដែលស្ថានការណ៍នៅវេណេស៊ុយអេឡា កំពុងតែមានភាពផុយស្រួល និងរកច្រកចេញមិនកើតនោះ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសផ្ទេរការិយាល័យ ឬទីស្នាក់ការក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ពីទីក្រុងលីសបោន នៃប្រទេសព័រទុយហ្គាល់ ទៅកាន់ទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ីវិញ ដែលបញ្ចៀសហានិភ័យនៅថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ការប្រកាសខាងលើនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា លោក ម៉ាឌូរ៉ូ បានដឹកមាសរាប់តោនចេញពីធនាគារកណ្តាលវេណេស៊ុយអេឡា ដែលគេសង្ស័យថា មាសទាំងនោះនឹងត្រូវដឹកទៅប្រទេសរុស្ស៊ី។ សម្រាប់ប្រទេសព័រទុយហ្គាល់ក៏ស្ថិតនៅក្នុងចង្កោមប្រទេសសម្ព័ន្ធមិត្តអាមេរិក ដែលបានទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា គឺលោក ជូអាន ហ្គៃដូ ជាប្រធានាធិបតីស្តីទីផងដែរ ហើយខណៈនេះមានតែរុស្ស៊ី និងចិនប៉ុណ្ណោះដែលជាបង្អែករឹងមាំបំផុតចុងក្រោយ របស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ៕