(ផ្លូរីដា)៖ យាន ឬនាវាអវកាសនាគ «Dragon» របស់ក្រុមហ៊ុន SpaceX ដែលអភិវឌ្ឍន៍ឡើងដើម្បីដឹកអវកាសយានិកនោះ នឹងត្រូវធ្វើតេស្តហោះហើរសាកល្បងនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានអវកាស Space នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ការបាញ់បង្ហោះសាកល្បងលើកដំបូងបំផុតរបស់យានអវកាស Dragon នឹងត្រូវធ្វើឡើងចេញពីមជ្ឈមណ្ឌល Kennedy Space Center របស់ទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX នាវេលាម៉ោង ០២៖៤៨នាទីយប់រំលងអធ្រាត្រ (ម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ដែលស្មើនឹងម៉ោងជិត ០៣រសៀលនៅកម្ពុជា) ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។
ដោយឡែកសម្រាប់ការធ្វើតេស្តខាងលើ គឺពុំវត្តមានក្រុមអវកាសយានិក នៅក្នុងយាន Dragon ឡើយ ប៉ុន្តែមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដែលជាតួអង្គឯកក្នុងកម្រងខ្សែភាពយន្តព្រឺព្រួច-វិទ្យាសាស្រ្តបែបក្លាស៊ិក ដ៏ល្បីរបស់ហូលីវូដ Alien។ អវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ក៏ដូចជាវាស់វែងទៅលើកម្លាំង ល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខ នៅក្នុងយានអវកាសនេះ។
គួរជម្រាបថា បេសកកម្មនៃការហោះហើរសាកល្បងនាចុងសប្តាហ៍នេះ មានឈ្មោះថា Demo-1 គឺជាសង្ឃឹមរបស់ SpaceX និង NASA ក្នុងការបញ្ជូនក្រុមអវកាសយានិករបស់ពួកគេសាជាថ្មីឡើងវិញ តាមគ្រាប់រ៉ុក្កែតរបស់អាមេរិក និងចេញពីក្នុងទឹកដីរបស់អាមេរិកផ្ទាល់៕