(ហាណូយ)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោកហើយ នៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក ង្វៀន ភូត្រុង (Nguyen Phu Trong)។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
បើគិតពីពេលមកដល់ប្រទេសវៀតណាមដំបូង វាគឺជាថ្ងៃទីបីហើយសម្រាប់លោក គីម ជុងអ៊ុន ដែលបានស្នាក់នៅទីក្រុងហាណូយ ដោយលោកទើបតែបញ្ចប់ជំនួបកំពូលលើកទីពីរជាមួយលោក ដូណាល់ ត្រាំ កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបន្តទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីរឹតចំណងមិត្តភាពជាមួយវៀតណាម នៅល្ងាចថ្ងៃសុក្រនេះ។ ងាកទៅកាន់សារព័ត៌មានរដ្ឋកូរ៉េខាងជើងវិញ គឺបានចុះផ្សាយដោយចាត់ទុកវៀតណាមជាប្រទេសដែលស្ថិតក្នុងគោលដៅប្រសើរមួយ សម្រាប់ប្រមុខដឹកនាំ គីម ក្នុងការបំពេញទស្សនកិច្ច។
សម្រាប់ដំណើរទស្សនកិច្ច ដែលចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃសុក្រនេះ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើង ត្រូវបានទទួលស្វាគមន៍ដោយប្រធានបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីវៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋនៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើងកំពុងតែព្យាយាម បើកចំហទ្វារទៅកាន់អន្តរជាតិដើម្បីងាកទៅផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ចំពោះមុខទណ្ឌកម្មអន្តរជាតិ។
បន្ថែមពីខាងលើនេះ លោក គីម ក៏នឹងត្រូវទទួលស្វាគមន៍ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ហ្សួនភុក និងប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីគីមង៉ាន ផងដែរ។ រហូតដល់នៅថ្ងៃសៅរ៍ស្អែកនេះ លោក គីម និងគណៈប្រភិភូកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធលោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម ដែលជាមិត្តជិតស្និទ្ធនឹងជីតា គីម អ៊ីលស៊ុង មុននឹងលោកធ្វើដំណើរត្រឡប់ទៅកូរ៉េខាងជើងវិញ ដោយជិះរថភ្លើងកាត់តាមទឹកដីចិន។
គួរបញ្ជាក់ថា គិតចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់តំណែងរយៈពេលជាង ៦ឆ្នាំ ក្រោយឪពុករបស់លោកបានទទួលមរណភាពកាលពីចុងឆ្នាំ២០១១ នោះមក វៀតណាមគឺជាដែនដីបរទេសទី ៤ ហើយដែលលោក គីម បានមកបំពេញដំណើរទស្សនកិច្ច ដែលទីមួយគឺប្រទេសចិន ទីពីរប្រទេសកូរ៉េខាងត្បូង និងទីបីគឺប្រទេសសិង្ហបុរី តែក្នុងអំឡុងពេល ១២ខែចុងក្រោយនេះប៉ុណ្ណោះ៕