(ញូដេលី)៖ ប្រជាជនឥណ្ឌារាប់ពាន់នាក់ ខ្លះគ្រវីទង់ជាតិ និងខ្លះស្រែកច្រៀង បានប្រមូលផ្ដុំគ្នានៅឯតំបន់ព្រំដែននៅថ្ងៃសុក្រនេះ ដើម្បីទទួលស្វាគមន៍វីរៈបុរសរបស់ពួកគេគឺពីឡុតបើកយន្ដហោះចម្បាំងម្នាក់ ដែលត្រូវបានប៉ាគីស្ថានបាញ់ទម្លាក់កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ការដោះលែងពីឡុតឥណ្ឌាឈ្មោះ អាប៊ីណាន់ដាន់ វ៉ាថាម៉ាន់ (Abhinandan Varthaman) ពីសំណាក់អាជ្ញាធរប៉ាគីស្ថាន គឺជាកាយវិការសន្តិភាពមួយ ហើយវាកើតមានឡើងបន្ទាប់ពីភាពតានតឹងរវាងទីក្រុងញូដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ កើនឡើងដល់កម្រិតកម្ពស់បំផុតមិនធ្លាប់មាន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយឡែកប្រាប់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា អ្នកចូលរួមម្នាក់បានលើកឡើងយ៉ាងដូច្នេះថា «ប៉ាគីស្ថានគួរតែរៀនសូត្រពីមេរៀនរបស់ខ្លួន... បើពុំដូច្នោះទេលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) នឹងបង្រៀនមេរៀនមួយដល់ពួកគេ...»។ ប៉ុន្តែទន្ទឹមគ្នានោះ ក្រុមសិស្សសាលាដែលកាន់ផ្ទំាងរូបភាពពីឡុត Varthaman ក៏បានបង្ហាញពីក្ដីសង្ឃឹមចង់ឃើញសនិ្តភាពរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានផងដែរ ជាមួយការថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ (Imran Khan) ដែលបានដោះលែង ពីឡុតរូបនេះ។
គួរជម្រាបថា បើតាមការគ្រោងទុក លោក Abhinandan Varthaman នឹងត្រូវអាជ្ញាធរប៉ាគីស្ថានមកដល់ព្រំដែនប្រទេសឥណ្ឌាវិញ នៅចន្លោះពីម៉ោង ៣-៤រសៀលនេះ (ម៉ោងនៅក្នុងតំបន់)។ ការដោះលែងនេះគឺជាការសន្យាដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថានតាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ដោយប៉ាគីស្ថានបានបង្ហាញជំហរ ចង់រក្សាសន្តិភាពជាមួយឥណ្ឌា៕