(អ៊ីស្លាម៉ាបាដ)៖ ទោះបីជាស្ថានការណ៍​​យ៉ាប់យ៉ឺនយ៉ាងណា​ក៏ដោយ ទីក្រុង​អ៊ីស្លាម៉ាបាដ​នៅតែបន្តចង់​ចរចាសន្តិភាព​ជាមួយ​​ឥណ្ឌាហើយក៏សង្ឃឹមថា នឹងអាចបញ្ចៀស​សង្រ្គាម​ឲ្យបានទោះក្នុងករណី​ណា​ក៏ដោយ ព្រោះថាវា​នឹងបំផ្លាញ​ប្រទេស​ទាំងពីរ គ្មានខាង​​ណាជាអ្នកឈ្នះ​នោះទេ។ នេះបើតាម​ប្រមុខការទូត​ប៉ាគីស្ថាន លោក ហ្សាហ៍ ម៉េមូដ គ្រែសស៊ី (Shah Mehmood Qureshi) ដកស្រង់សម្តី​ដោយសារ​ព័ត៌​​មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ការបរទេស​​ប៉ាគីស្ថាន លោក Qureshi បានបង្ហាញ​ក្តីសង្ឃឹមថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ​ ដោយ​យោធា​​រវាង​ទីក្រុង​​​អ៊ីស្លាម៉ាបាដ និងទីក្រុងញូដេលី នឹងមិ​នអាចកើត​ឡើងទៅចុះ​។ លោក Qureshi បាននិយាយ​យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា វានឹង​មិន​កើតឡើងឡើយ​ព្រោះថា បើមិនដូច្នោះទេវានឹងប្រៀប​ដូចជាការ​ធ្វើអត្តឃាត​នៃប្រទេស​ទាំង​ពីរ​អ៊ីចឹង» បន្ទាប់ពីត្រូវ​បានសួរ​សំណួ​រថា តើភាពតានតឹងកាន់តែខ្លាំង​ឡើង​ក្នុង​សប្តាហ៍នេះ​អាចនាំទៅរក​​ការផ្ទុះសង្រ្គាម​ដែរ ឬអត់​ ប្រសិនបើវា​ពុំត្រូវបាន​បន្ធូរ​​បន្ថយ​កម្តៅទេ​នោះ។

គួរជម្រាបថា នាថ្ងៃពុធ​កន្លងទៅនេះ យន្តហោះចម្បាំង​ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើការប្រយុទ្ធគ្នា​លើផ្ទៃអាកាស នៃតំបន់​ជម្លោះ​​កាស្មៀរ ដែលជាលទ្ធផលបាន​បណ្តាលឲ្យ​យន្តហោះ F-16 មួយគ្រឿង​របស់ប៉ាគីស្ថាន ព្រមទាំងយន្តហោះ​​ឥណ្ឌា MiG-21 ​អាច​​មួយ​​​ទៅ​ពីរគ្រឿង​​ធ្លាក់ ហើយ​ពីឡុត​ឥណ្ឌាម្នាក់​កំពុងត្រូវក្រោម​ការឃុំឃាំងរបស់​​យោធាប៉ាគីស្ថាន។ ប៉ុន្តែម្សិលមិញនេះ នាយក​រដ្ឋមន្រ្តីប៉ាគីស្ថាន​បានប្រកាសថា នឹងដោះលែងហើយ​ប្រគល់ពីឡុត​រូបនេះ ទៅឲ្យឥណ្ឌា​វិញនា​ថ្ងៃសុក្រនេះ៕