(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនចង់ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុងពីកូរ៉េខាងជើងនោះទេ រហូតទាល់តែទីក្រុងព្យុងយ៉ាងលុបចោលអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា « ពួកគេ (កូរ៉េខាងជើង) ចង់រំសាយអាវុធនុយក្លេអ៊ែរមួយចំនួន តែខ្ញុំចង់ឱ្យលុបបំបាត់ចោលទាំងអស់... ហើយខ្ញុំមិនចង់ដកទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយ បើសិនជាពួកគេមិនព្រមលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង»។
បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបញ្ជាក់ ដែរថា កូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនទទួលយកសំណើពីសហរដ្ឋអាមេរិក ដែលនេះជាមូលហេតុមួយធ្វើឱ្យលោក និងលោក គីម ជុងអ៊ុន មិនអាចចុះកិច្ចព្រមព្រៀងនៅឯកិច្ចប្រជុំក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
តែទោះជាយ៉ាងនេះក្ដី ប្រធានាធិបតីអាមេរិករូបនេះនៅតែអះអាងដូចដើមថា លោកមានទំនាក់ទំនងដ៏ល្អជាមួយលោក គីម ជុងអ៊ុន ហើយ បើទោះជាប្រទេសទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងក៏ដោយ ក៏ទីក្រុងព្យុងយ៉ាងនឹងមិនបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញដែរ។
គួរជម្រាបថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបិទបញ្ចប់ទៅមុនកាលកំណត់ដោយមិនមានលទ្ធផល ខណៈលោក ត្រាំផ្ទាល់ក៏បានបញ្ជាក់ដែរថា លោកមិនទាន់មានគម្រោងជួបលោក គីម ជាថ្មីឡើយ៕