(ម៉ូស្គូ)៖ ភាពតានតឹងផ្នែកយោធារវាងប្រជាជាតិមាននុយក្លេអ៊ែរទាំង ២ គឺឥណ្ឌា និងប៉ាគីស្ថាន កំពុងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញលទ្ធភាពដែលអាចផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការព្រួយបារម្ភ សំណួរជាច្រើនក៏ចាប់ផ្ដើមលេចឡើងផងដែរថា តើសហរដ្ឋអាមេរិក និងចិននឹងប្រកាន់ជំហរបែបណា ក្នុងករណីដែលជម្លោះផ្ទុះឡើងមែន ខណៈមហាយក្សទាំង ២ នេះសុទ្ធតែមានសម្ព័ន្ធមិត្តរៀងៗខ្លួន ដោយទីក្រុងវ៉ាស៊ីនតោនគាំទ្រឥណ្ឌា រីឯប៉ាគីស្ថានមានចិនជាបង្អែក ហើយប្រទេសទាំងពីរសុទ្ធតែស្ថិតនៅក្បែរខាងចិនទៀត។
លើសពីនេះទៅទៀត ស្របពេលភាពតានតឹងកាន់តែឡើងកម្ដៅ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីថ្ងៃពុធថា ឥណ្ឌា និងប៉ាគីស្ថានចាប់ចល័តរថក្រោះទៅកាន់តំបន់ព្រំដែន ហើយបិទសាលារៀនដែលនេះត្រូវបានមើលឃើញថា ហាក់ដូចជាភាគីទាំង ២ កំពុងត្រៀមសម្រាប់សង្រ្គាម។
* ការជ្រើសរើសដ៏លំបាករបស់ចិន
ចិន និងឥណ្ឌាធ្លាប់មានប្រវត្តិជូរចត់នឹងគ្នារឿងជម្លោះព្រំដែន ជាពិសេសនៅឯតំបន់ អាកសៃ ជីន (Aksai Chin) នៃតំបន់កាស្មៀរដែលទីក្រុងញូដេលីអះអាងថា ជាទឹកដីរបស់ខ្លួន តែតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ចាប់តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ។ ដូច្នេះទើបទីក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងយោធាជាមួយប៉ាគីស្ថាន ឱ្យកាន់តែរឹងមាំតាំងតែពីឆ្នាំ១៩៧០ រហូតមកទល់នឹងពេលបច្ចុប្បន្ន ហើយតាមរយៈទំនាក់ទំនងនេះ ឥទ្ធិពលរបស់ចិនក៏កាន់តែរីកធំនៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ។
ប៉ុន្តែអ្នកជំនាញរុស្ស៊ីមួយរូបគឺលោក អាឡេកសី គូព្រីយ៉ាណូវ (Aleksey Kupriyanov) មកពីវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងអន្តរជាតិក្នុងទីក្រុងម៉ូស្គូយល់ថា ចិននឹងមិនលូកដៃចូលក្នុងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ ដោយអាចប្រកាន់ជំហរឈរនៅកណ្ដាលដ្បិតចិនដឹងច្បាស់ថា អាមេរិកចង់ឲ្យខ្លួនផុងចូលក្នុងជម្លោះនេះ។
លោក Kupriyanov បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកពិតជាចង់ឱ្យចិនធ្លាក់ចូលក្នុងជម្លោះនានា ពីព្រោះរាល់ជម្លោះទាំងអស់អាចនឹងធ្វើឱ្យសេដ្ឋកិច្ចចិនមានកំណើនយឺតយ៉ាវ ដែលនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់បានមួយភាគ ទៅលើឥទ្ធិពលអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក»។
* សហរដ្ឋអាមេរិកនឹងមិនឈរនៅខាងភាគីណាមួយឡើយ
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេមើលឃើញថា បានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងជាមួយឥណ្ឌា តាម រយៈការផ្លាស់ប្ដូរឈ្មោះមូលដ្ឋានទ័ពអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិកទៅជាឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ ព្រមទាំងបានចុះហត្ថលេខាលក់អាវុធជាច្រើន ជាមួយរដ្ឋាភិបាលនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ណូឌី (Narendra Modi) ដោយរំពឹងថា អាចនឹងប្រើប្រាស់ឥណ្ឌាដើម្បីទប់ទល់នឹងការកើនឡើង នៃឥទ្ធិពលរបស់ចិន។
តែទោះជាយ៉ាងនេះក្ដី លោក Kupriyanov អះអាងថា បើសិនជាសហរដ្ឋអាមេរិកគំាទ្រឥណ្ឌា នោះប៉ាគីស្ថាននឹងសងសឹកប្រឆាំងផលប្រយោជន៍អាមេរិក ជាពិសេសគឺនៅក្នុងប្រទេសអាហ្វហ្គានីស្ថានតែម្ដង។ ម្យ៉ាងវិញទៀតអ្វីដែលកាន់តែស្មុគស្មាញ ទីក្រុងវ៉ាស៊ីនតោន ចង់ប្រើបា្រស់ឥណ្ឌាប្រឆាំងចិនផង ហើយចង់បានប៉ាគីស្ថានដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ផង។ ដូច្នេះសហរដ្ឋអាមេរិកនឹងមានការប្រុងប្រយ័ត្ន ក្នុងការលូកដៃចូលក្នុងជម្លោះនេះ ខណៈលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកដើរតួផ្សះជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា។
គួរបញ្ជាក់ថា ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខឥណ្ឌា ៤២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតពីសំណាក់ក្រុមសកម្មប្រយុទ្ធមួយ ដែលទីក្រុងញូដេលីចោទថា គាំទ្រដោយទីក្រុងអ៊ីស្លាម៉ាបាដ។ ប៉ុន្តែ ជម្លោះនេះរឹតតែឡើងកម្ដៅក្រោយប៉ាគីស្ថាន បាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ០២គ្រឿង ហើយឥណ្ឌាអះអាងថា បានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថានមួយគ្រឿងវិញ៕