(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា ប្រទេសនានា នៅជុំវិញពិភពលោកគួរបើកភ្នែកឲ្យធំៗ ដើម្បីមើលឃើញពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗរបស់ប្រទេសចិន ព្រោះថាវាអាចបង្កជាបញ្ហាជាចំពោះការធ្វើប្រតិបត្តិការ របស់ក្រុមហ៊ុនអាមេរិក នៅតាមកន្លែងដែលមានបំពាក់ឧបករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Aisa នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
លោក Pompeo បានធ្វើការលើកឡើងយ៉ាងដូច្នេះ នៅពេលត្រូវអ្នកសារព័ត៌មានសួរនាំក្នុងអំឡុងពេល លោកបំពេញដំណើរទស្សនកិច្ចនៅហ្វីលីពីន ជុំវិញលទ្ធភាពដែលថាប្រទេសអាស៊ាននេះ អាចនឹងប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនមួយ នាពេលអនាគត ខណៈដែលហ្វីលីពីនកំពុងតែព្យាយាមធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលចាស់ៗនោះ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ថា «តួនាទីរបស់យើង គឺចែករំលែកឲ្យពិភពលោក បានដឹងពីហានិភ័យនៃបចេ្ចកវិទ្យាចិន ដែលក្នុងករណីនេះគឺហានិភ័យដែលអាចកើតមាន ចំពោះប្រជាជន និងសន្តិសុខរបស់ហ្វីលីពីន ក៏ដូចជាហានិភ័យដែលថា ក្រុមហ៊ុនអាមេរិក ប្រហែលជាមិនអាចធ្វើប្រតិបត្តិការនៅក្នុងបរិស្ថាន ដែលមានវត្តមានបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនបានឡើយ។ ហេតុដូចនេះយើងចង់ធានាឲ្យច្បាស់ថា ពិភពលោកបើកភ្នែកឲ្យបានធំ ដើម្បីមើលឃើញពីហានិភ័យនៃការបំពាក់បច្ចេកវិទ្យាចិន នៅក្នុងផ្នែកនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឬក៏ប្រព័ន្ធស្នូលសំខាន់ៗរបស់ខ្លួន»។
គួរជម្រាបថា មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិកបានបន្តដាក់សម្ពាធឥតឈប់ឈរទៅលើ Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ ធំជាងគេបំផុតនៅលើពិភពលោក និងព្យាយាមរារាំងមិនឲ្យក្រុមហ៊ុនអាមេរិក ទិញឧបករណ៍បណ្តាញ Network ដូចជា Router និង Switch របស់ Huawei ឡើយហើយក៏បានខំប្រឹងប្រែងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឲ្យធ្វើដូចគ្នាដែរ។
ទោះបីជាបែបនេះក្តី ប្រទេសមួយចំនួនមិនបានបង្ហាញពីសញ្ញាព្រួយបារម្ភ ឬគាំទ្រទៅដល់អាមេរិកនោះឡើយ ដូចជានូវែលសេឡង់កាលពីពេលថ្មីៗ បានទាត់ចោលព័ត៌មានមួយថា ខ្លួនបានលុបចោលបច្ចេកវិទ្យា 5G ដែលបានទិញពីចិន ដោយប្រទេសនេះអះអាងថា ខ្លួនមិនទាន់បានទិញពីចិនផង តើអាចលុបចោកដោយរបៀបណាទៅ។ ដោយឡែកប្រទេសបារាំងវិញ ក៏មិនបានបង្ហាញជំហរណាមួយប្រឆាំងទៅនឹងក្រុមហ៊ុនចិន ទៅតាមអ្វីដែលសហរដ្ឋអាមេរិក កំពុងបំផុសបំផុលនោះដែរ៕