(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរីនឹងដាក់សំណើ បញ្ជាទិញយន្ដហោះចម្បាំង F-35 ០៤គ្រឿងពីសហរដ្ឋអាមេរិកសម្រាប់ការធ្វើតេស្ដសាកល្បង ហើយបើសិនជាការធ្វើតេស្ដនេះជោគជ័យនោះ សិង្ហបុរីនឹងយន្ដហោះចម្បាំងប្រភេទនេះ ០៨គ្រឿងបន្ថែមទៀតពីសហរដ្ឋអាមេរិក។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
យន្ដហោះចម្បាំងបំបំាងកាយ F-35 របស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin មានតម្លៃចាប់ពី ៩០លានដុល្លាររហូតដល់ ១១៥លានដុល្លារ។ ដោយឡែកជុំវិញគម្រោងទិញយន្ដហោះចម្បាំងនេះដែរ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្រសួងការពារ ជាតិសិង្ហបុរី លោករដ្ឋមន្ត្រីការពារជាតិ ង័រ អេងហេន (Ng Eng Hen) បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងដាក់សំណើបញ្ជាទិញយន្ដហោះ F-35 ទៅកាន់សហរដ្ឋអាមេរិក។
លោក Ng Eng បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងដាក់សំណើទិញយន្ដហោះចម្បាំង F-35 មកតេស្ដសាកល្បង ហើយបើសិនជាការធ្វើតេស្ដនេះជោគជ័យ នោះសិង្ហបុរីនឹងយន្ដហោះចម្បាំងប្រភេទនេះ ០៨គ្រឿងបន្ថែមទៀត»។ សម្រាប់យន្តហោះ F-35 គឺជាផលិតផលយន្តហោះចម្បាំងរបស់អាមេរិក ដែលបណ្តាប្រទេសជាសម្ព័ន្ធអាមេរិកជាច្រើនបានបញ្ជាទិញ និងមានចេតនាបញ្ជាទិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen ក៏បានប្រកាសដែរពីដំណើរការទិញនាវាមុជទឹក Type 218SG ចំនួន ០៤គ្រឿងពីក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានតម្លៃ ៣.២ពាន់លានដុល្លារ កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៨ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក៏ដូចជាការដឹកជញ្ជូនអាវុធខុសច្បាប់ជាដើម៕