(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងចន្លោះពេលពី ០៣ឆ្នាំ ទៅ ០៥ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក The New York Times នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
នៅក្រោមផែនការថ្មីមួយរបស់ក្រសួងការពារជាតិអាមេរិក ក៏រួមមាននូវគោលដៅកាត់បន្ថយចំនួនកងទ័ពអាមេរិកប្រមាណ ១៤,០០០នាក់ ដែលកំពុងឈរជើងនៅអាហ្វហ្គានីស្ថាន ចេញពាក់កណ្តាលផងដែរ ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ បើតាមផែនការដដែលនេះ កងកម្លាំងអឺរ៉ុប និងអន្តរជាតិប្រមាណ ៨,៦០០នាក់ ដែលមានវត្តមាននៅអាហ្វហ្គានីស្ថាន នឹងផ្តោតទៅលើការហ្វឹកហាត់សមត្ថភាពដល់យោធាអាហ្វហ្គានីស្ថាន ខណៈទ័ពអាមេរិកត្រូវបង្វែរទៅផ្តោតលើ ប្រតិបត្តិការបង្រ្កាបភេរវកម្មវិញ។
ផែនការថ្មីខាងលើរបស់ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា មានគោលដៅជួយដល់កិច្ចខិតខំចរចា រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមឧទ្ទាមតាលីបង់នៅអាហ្វាហ្គានីស្ថាន។
គួរជម្រាបថា បច្ចុប្បន្នកងទ័ពអាមេរិកសរុប ១៤,០០០នាក់ ត្រូវបានដាក់ពង្រាយនៅអាហ្វហ្គានីស្ថាន ហើយមកទល់ពេលនេះតួលេខនៃកងទ័ពអាមេរិកដែលបានបាត់បង់ជិវិតនៅអាហ្វហ្គានីស្ថានបានកើនលើសពី ២,៤០០នាក់ គិតចាប់តាំងតែពីអាមេរិកបានលើកទ័ពចូលប្រទេសអាស៊ីខាងត្បូងនេះ កាលពីឆ្នាំ២០០១៕