(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានថ្លែងនៅថ្ងៃសុក្រនេះថា ទីក្រុងសេអ៊ូលនឹងរិះរកវិធីគ្រប់បែបយ៉ាង ជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដើម្បីស្រោចស្រង់ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ឡើងវិញក្រោយពីការទទួលបរាជ័យដ៏គួរឲ្យស្តាយបំផុត ក្នុងកិច្ចប្រជុំលើកទីពីរដែលបានប្រារព្ធឡើងនៅក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
លោក មូន ជែអ៊ីន បានថ្លែងពីវិមានពណ៌ខៀវ (Blue House) យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា វានៅតែជាដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងកម្រិតខ្ពស់មួយ...។ ឥឡូនេះតួនាទីរបស់យើង បានវិវឌ្ឍន៍ទៅកាន់តែចាំបាច់ជាងពេលមុខៗ...។ រដ្ឋបាលរបស់ខ្ញុំនឹងធ្វើការងារឲ្យជិតស្និទ្ធជាងមុន ព្រមទាំងការសហការគ្នាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីឲ្យកិច្ចពិភាក្សារវាងប្រទេសទាំងពីរ អាចបញ្ចប់ទៅប្រកបដោយផ្លែផ្កា ឡើងវិញ ទោះបីជាក្នុងមធ្យោបាយណាក៏ដោយ...»។
ក្រៅពីការប្តេជ្ញាចិត្តខាងលើនេះ លោក មូន ជែអ៊ីន ក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងកំពុងតែដោះដូរយោបល់ជាមួយសហរដ្ឋអាមេរិក ដើម្បីរិះរកវិធីដាក់ឲ្យដំណើរការឡើងវិញនូវតំបន់រម្មណីយដ្ឋានភ្នំ គុមហ្គាង (Kumgang) និងតំបន់សេដ្ឋកិច្ចពិសេសកែសុង (Kaesong) ដែលរឿងនេះត្រូវបានគេមើលឃើញថា ជាការជួយសម្រាលបន្ទុកសេដ្ឋកិច្ចកូរ៉េខាងជើង ដែលកំពុងរងគ្រោះខ្លាំងឡើងៗ ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិ។
គួរបញ្ជាក់ថា ជំនួបកំពូល ត្រាំ-គីម លើកទីពីរត្រូវបានធ្វើឡើងរយៈពេលពីរថ្ងៃនៅវៀតណាម ប៉ុន្តែវាបានបញ្ចប់ទៅមុនកាលកំណត់ប៉ុន្មានម៉ោង ព្រោះតែការចរចាមិនត្រូវរ៉ូវគ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកតែម្តង។ ភាគីកូរ៉េខាងជើងបានអះអាងថា ខ្លួនចង់បានការដកទណ្ឌកម្មជិតពាក់កណ្តាល ( ៥ លើ ១១) ពីអន្តរជាតិ ជាថ្នូរហ្នឹងការរំលាយតំបន់អភិវឌ្ឍន៍នុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) តែសហរដ្ឋអាមេរិកមិនយល់ស្របនោះឡើយ ហើយភាគីទាំងពីរក៏មិនបានកំណត់ពេលត្រូវជួបគ្នាលើកទីបីនោះដែរ៕