(យូអិន)៖ រដ្ឋាភិបាលបង់ក្លាដែសបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិថា បង់ក្លាដែសលែងអាចទទួលយកជនភៀសខ្លួន ពីមីយ៉ាន់ម៉ាបានទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ UN នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក ហ្សាហ៊ីឌុល ហាក (Shahidul Haque) បាននិយាយថា វិបត្តិជុំវិញការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សែននាក់ ដែលកំពុងជ្រកកោនក្នុងប្រទេសរបស់លោក បានឈានដល់កម្រិតអាក្រក់មែនទែនហើយ និងបានស្នើឲ្យក្រុមប្រឹក្សាចេញវិធានការបន្ទាន់មួយ ហើយលោកបានបញ្ជាក់ថា បង់ក្លាដែសលែងអាចទទួលយកជនភៀសខ្លួនបន្ថែម ពីមីយ៉ាន់ម៉ាឲ្យជ្រកកោនបានទៀតហើយ។
គួរជម្រាបថា ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ៧៤០,០០០នាក់ កំពុងជ្រកកោននៅតាមជំរំក្នុងប្រទេសបង់ក្លាដែស ក្រោយពីពួកគេត្រូវបង្ខំចិត្តរត់គេចចេញពីរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងជើងមីយ៉ាន់ម៉ា កាលពីអំឡុងយុទ្ធនាយោធារបស់រដ្ឋាភិបាលឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិហៅថា ការកម្ចាត់ជនជាតិភាគតិច។
កន្លងទៅនៅក្រោមកិច្ចព្រមព្រៀងជាមួយបង់ក្លាដែស មីយ៉ាន់ម៉ាក៏បានយល់ព្រមទទួលយកជនភៀសខ្លួនមួយចំនួនទៅវិញផងដែរ ប៉ុន្តែអង្គការសហប្រជាជាតិបានទទូចថា សុវត្ថិភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវតែជាលក្ខខណ្ឌចម្បង ដើម្បីឲ្យពួកគេអាចត្រឡប់ចូលប្រទេសវិញបាន៕