(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសបញ្ជូនសម្បត្តិវប្បធម៌ និងវត្ថុបុរាណចិនចំនួន ៣៦១បំណែកឱ្យទីក្រុងប៉េកាំងវិញ នៅឯពិធីប្រគល់មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បានចូលរួមក្នុងពិធីប្រគល់មួយដែលប្រព្រឹត្តទៅនៅឯសារមន្ទីរ អេធែលហ្សក (Eiteljorg) ក្នុងទីក្រុង អ៊ីនឌាណាផូលី (Indianapolis) នៃរដ្ឋ អ៊ីឌាណា (Indiana) សហរដ្ឋអាមេរិក។ ការធ្វើមាតុភូមនិវត្តន៍នេះទៀតសោត នឹងក្លាយជាការប្រគល់វត្ថុបុរាណក្នុងទ្រង់ទា្រយធំបំផុតឱ្យចិនវិញ ពីសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលប្រទេសទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ស្ដីពីការពង្រឹងទំនាក់ទំនាក់ទំនងពាក់ព័ន្ធនឹងបញ្ហានេះ។
គួរបញ្ជាក់ថា នៅអំឡុងពិធីប្រគល់វត្ថុបុរាណនោះដែរ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងការិយាល័យស៊ើបអង្កេតអាមេរិក FBI ក៏បានចុះហត្ថលេខា និងផ្លាស់ប្ដូរគ្នាទៅវិញទៅមកផងដែរ នូវវិញ្ញាប័ណ្ណបត្របញ្ជាក់ពីការផ្ទេរ ដែលនឹងធ្វើឱ្យប្រសើរឡើងការផ្ទេរសម្បត្តិ វប្បធម៌ និងវត្ថុបុរាណទៅឱ្យចិន៕