(ញូយ៉ក)៖ អគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ (UN) លោក សាមូអ៊ែល ម៉ុនកាដា (Samuel Moncada) បានចោទប្រកាន់ថា សហរដ្ឋអាមេរិក កំពុងបំពាក់អាវុធដល់ពួកក្បត់ដែលហៅខ្លួនឯងថា «កងទ័ពរំដោះជាតិ» ដើម្បីឈ្លានពានប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩។
លោក Moncada ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បរាជ័យក្នុងការបោះឆ្នោតអនុម័តលើ ដំណោះស្រាយស្ដីពីវិបត្តិវេណេស៊ុយអេឡា។ នាឱកាសនោះអគ្គរដ្ឋទូតរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាប់ចាប់ពីដែនដីនៃប្រទេសកូឡុំប៊ី... សហរដ្ឋអាមេរិកកំពុងបំពាក់អាវុធដល់ពួកយោធាក្បត់ជាតិដែលហៅខ្លួនឯងថា កងទ័ពរំដោះវេណេស៊ុយអេឡា ក្នុងគោលបំណងឈ្លានពានប្រទេសវេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា បើតាមលោក Samuel Moncada ការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាជម្រើសគ្រប់យ៉ាងមានលើតុរួចជាស្រេចបានបង្ហាញយ៉ាងច្បាស់ថា វាគឺជាការគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ផ្ដួលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ៕