(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អាកាសយានិករបស់យន្តហោះចម្បាំងឥណ្ឌា MiG-21 ដែលត្រូវកងទ័ពប៉ាគីស្ថានចាប់ខ្លួន ក្រោយពីយន្តហោះរបស់ពីឡុតរូបនេះត្រូវបានបាញ់ទម្លាក់នោះ នឹងត្រូវដោះលែងហើយប្រគល់ខ្លួនឲ្យប្រទេសឥណ្ឌាវិញនាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងសភាជាតិប៉ាគីស្ថាននៅឯរដ្ឋធានីអ៊ីស្លាម៉ាបាដ លោក Khan បានប្រកាសយ៉ាងដូច្នេះថា «ដើម្បីជាកាយវិការនៃការចង់រក្សាសន្តិភាព យើងនឹងធ្វើការដោះលែងជននោះ (ពីឡុត MiG-21 របស់ឥណ្ឌា) នៅថ្ងៃស្អែកនេះ»។ ការប្រកាសរបស់លោក Khan ធ្វើឡើង បន្ទាប់ពីក្នុងថ្ងៃជាមួយគ្នានេះ ទីក្រុងញូដេលីបានស្នើឲ្យដោះលែងនឹងប្រគល់ខ្លួនពីឡុតរូបនោះមកវិញ។ បើតាមការអះអាងរបស់លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន កាលពីថ្ងៃពុធ លោកក៏បានព្យាយាមទាក់ទងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ផងដែរ ដើម្បីប្រាប់ពីឆន្ទៈចង់បន្ធូរបន្ថយភាបតានតឹងផងដែរ។
គួរជម្រាបថា សប្តាហ៍នេះ ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានបានឈានដល់កម្រិតគ្រោះថ្នាក់ជាខ្លាំង ខណៈដែលក្រុមយន្តហោះចម្បាំងនៃមហាយក្សនុយក្លេអ៊ែរទាំងពីរ បានធ្វើការប្រយុទ្ធគ្នាលើផ្ទៃអាកាសនៅតំបន់ជម្លោះកាស្មៀរ ដែលជាលទ្ធផលបានបង្កឲ្យយន្តហោះចម្បាំងយ៉ាងហោចណាស់ចំនួន០៣គ្រឿងបានធ្លាក់ ក្នុងនោះឥណ្ឌាពីរគ្រឿងនិងប៉ាគីស្ថានមួយគ្រឿង៕