(ហាណូយ)៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Kil-Song បានចាកចេញពីទីក្រុងហាណូយដើម្បីឆ្ពោះទៅកាន់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលអន្តរជាតិបានទន្ទឹងរង់ចាំផ្ទៀងមើលលទ្ធផលយ៉ាងអន្ទះសានោះ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Ri Kil-Song បានដឹកនាំប្រតិភូកូរ៉េខាងជើងចេញទៅប្រទេសចិននៅប៉ុន្មានប៉ុណ្ណោះ ក្រោយពីជំនួបកំពូលរវាង លោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧និងទី២៨ ខែកុម្ភៈនេះ នៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ត្រូវបានបញ្ចប់ទៅទាំងតក់ក្រហល់មុនការព្រាងទុក និងពុំមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬក៏សេចក្តីថ្លែងការណ៍រួមអ្វីទាំងអស់។
គួរជម្រាបថា លោក Ri ព្រមទាំងក្រុមមន្រ្តីដែលលោកដឹកនាំចេញទៅចិន សុទ្ធតែបានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអង្គារ តាមរថភ្លើងជាមួយលោក គីម ជុងអ៊ុន ដោយចំណាយពេលជាង៦០ម៉ោង ឬជិត០៣ថ្ងៃ ក្រោយចាកចេញពីរដ្ឋធានីព្យុងយ៉ាង។ យ៉ាងណាមិញ ទោះជំនួបកំពូលជាមួយ លោក ត្រាំ បានបញ្ចប់ទៅហើយក៏ដោយ លោក គីម ត្រូវបន្តស្នាក់នៅទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០២ថ្ងៃ គឺថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ ក្រោមការអញ្ជើញរបស់ប្រមុខរដ្ឋវៀតណាម៕