(ហាណូយ)៖ ក្រសួងការបទេសវៀតណាម បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅក្នុងប្រទេសវៀតណាម នៅថ្ងៃសុក្រស្អែក ស្របពេលលោក ដូណាល់ ត្រំា បានជិះយន្ដហោះ ត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសខាងលើរបស់ក្រសួងការបទេសវៀតណាម ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីជំនួបកំពូលត្រាំ-គីមលើកទី២ ក្នុងទីក្រុងហាណូយ ដែលចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍នេះ បានបិទបញ្ចប់ទៅមុន កាលកំណត់ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ចំណែកឯ លោក ដូណាល់ ត្រាំ វិញក៏បានអះអាងដែរថាដើរចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសារតែ មិនអាចទទួលយកបាននូវសំណើរបស់លោក គីម ជុំវិញការបន្ធរបន្ថយទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។
គួរជម្រាបថា ក្រសួងការបរទេសវៀតណាម មិនបានបញ្ជាក់លម្អិតពីកាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោក គីម នៅវៀតណាម នោះទេ ដោយគ្រាន់តែឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើងរូបនេះអាចនឹងស្ថិតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះរហូតដល់ថ្ងៃសៅរ៍៕