(ហាណូយ)៖ ទោះបីជាជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានបញ្ចប់ទៅទាំងតក់ក្រហល និងបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើនសម្រាប់អន្តរជាតិក៏ដោយ តែមិនមែនថាវាគ្មានភាពវិជ្ជមានសោះនោះឡើយ បើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ខាងក្រោមនេះគឺជាការសរុបព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ចាប់តាំងពីមុនចាប់ផ្តើមជំនួបជាផ្លូវការ រហូតដល់បិទបញ្ចប់ជំនួបជាផ្លូវការ និងរហូតដល់លោក ដូណាល់ ត្រាំ ព្រមទាំងមន្ត្រីអមដំណើរជិះយន្តហោះពិសេស Air Force One ត្រឡប់ទៅវិញ៖
* លោក ដូណាល់ ត្រាំ កាលពីដើមខែកុម្ភៈបានសម្រេចជ្រើសរើសយកវៀតណាម ធ្វើជាកន្លែងជួបប្រជុំកំពូលលើកទីពីរជាមួយលោក គីម ជុងអ៊ុន ខណៈប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះក៏ពេញចិត្តដូចគ្នា។
* ទោះបីវៀតណាមជាធ្វើជាម្ចាស់ផ្ទះដំបូងគេ និងត្រូវបានលោក ត្រាំ ឯកភាពជ្រើសរើសយកមែន ក៏វៀតណាមពីដំបូងៗបានអះអាងថា ប្រទេសសិង្ហបុរីមានពេលរាប់ខែដើម្បីរៀបចំកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីមួយ ប៉ុន្តែវៀតណាមវិញមានពេលមិនដល់ ២០ថ្ងៃនោះឡើយ ហេតុដូច្នេះវាជារឿងលំបាកមួយដែរសម្រាប់វៀតណាម។
* រថភ្លើងពិសេសបាញ់មិនធ្លុះរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមនៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយដែរ។ លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាមមានព្រំប្រទល់ជាប់ជាមួយចិន បន្ទាប់ពីជិះរថភ្លើងក្នុងចំងាយផ្លូវជាង ៤,៥០០គីឡូម៉ែត្រ ហើយលោកនឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុង ហាណូយក្នុងចំងាយផ្លូវ ១៧០គីឡូម៉ែត្រ។
* ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណចំពោះប្រជាជាតិវៀតណាម សម្រាប់ការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយថាមពល ចាប់តាំងពីលោកធ្វើដំណើរពីព្រំដែនចិន-វៀតណាម រហូតមកដល់រដ្ឋធានីហាណូយ។ បើតាមមន្រ្តីជាន់ខ្ពស់វៀតណាម លោក ម៉ៃ ទៀនឌុង (Mai Tien Dung) ដែលជាអ្នកទទួលស្វាគមន៍ប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ នៅទីក្រុង Dong Dang លោក គីម ជុងអ៊ុន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើដំណើរលើចម្ងាយផ្លូវលើសពី ៣,០០០គីឡូម៉ែត្រ ដើម្បីមកកាន់ប្រទេសវៀតណាម ហើយខ្ញុំអរគុណដល់ប្រទេសអ្នក សម្រាប់កិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយថាមពល»។
* ពុំដូចទៅនឹងប្រទេសសិង្ហបុរីដែលលោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចអំឡុងកិច្ចប្រជុំកំពូលលើកដំបូងជាមួយលោក ដូណាល់ ត្រាំ នោះឡើយវៀតណាមអាចផ្តល់គំរូម៉ូដែលជាក់ស្តែងមួយ សម្រាប់កូរ៉េខាងជើងក្នុងការធ្វើកំណែទម្រង់វិស័យសេដ្ឋកិច្ចឲ្យមានសក្តានុពលខ្លាំង និងបើកចំហកាន់តែទូលាយជាងមុន។ ប៉ុន្តែរឿងនេះអាចកើតឡើងទៅរួច លុះត្រាតែអាមេរិកយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
* មុនជួបលោក គីម ជុងអ៊ុន នៅល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយថា «ប្រទេសវៀតណាមកំពុងតែរីកចម្រើន ដូចទៅនឹងកន្លែងមួយចំនួនតូចប៉ុណ្ណោះនៅលើផែនដី។ កូរ៉េខាងជើងនឹងអាចដូចគ្នាហើយលឿនមែនទែន ប្រសិនបើបោះបង់ចោលនុយក្លេអ៊ែរ។ វាគឺជាសក្តានុពល និងឱកាសដ៏កម្រអស្ចារ្យមួយសម្រាប់លោក គីម ជុងអ៊ុន ប៉ុន្តែយើងនឹងដឹងច្បាស់ក្នុងពេលឆាប់ៗនេះ»។
* អាកាសចរណ៍ធំៗពីររបស់វៀតណាមគឺ VietJet និង Bamboo នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រុមហ៊ុនយក្សអាមេរិក Boeing ដែលមានតម្លៃ ១៥ពាន់លានដុល្លារ ដោយក្នុងនោះ Boeing ត្រូវផលិតយន្តហោះ ១១០គ្រឿងឲ្យក្រុមហ៊ុនទាំងពីរនេះ ខណៈដែលសហរដ្ឋអាមេរិក និងវៀតណាមក៏ទើបសម្រេចបាននូវកិច្ចព្រមព្រៀងអនុញ្ញាតការហោះហើរត្រង់ទៅត្រង់មករវាងគ្នាផងដែរ។
* ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធ ទី២៧ ខែកុម្ភៈ បានចូលជួបសំណេះសំណាលគ្នាជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅឯទីក្រុងហាណូយ មុនពេលលោ ត្រូវជួបគ្នាបើកឆាកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលលើកទីពីរអាមេរិក-កូរ៉េខាងជើង ក្រោយទៅដល់ហាណូយនាយប់ថ្ងៃអង្គារ។
* នៅទីបំផុតជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានចាប់ផ្តើមប្រារព្ធឡើងជាផ្លូវការហើយនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃពុធ ទី២៧ ខែកុម្ភៈ នៅក្នុងសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុងហាណូយ ដែលមានការរៀបចំការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ដោយអាជ្ញាធរវៀតណាម។
* ក្រោយកិច្ចប្រជុំចប់ទៅទាំងតក់ក្រហល លោក ត្រាំ បានបើកសន្និសីទសារព័ត៌មានមួយ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា លោកពិតជាបានពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាជាមួយ លោក គីម ជុងអ៊ុន។ ប៉ុន្តែប្រធានាធិបតីអាមេរិកអះអាងថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវចុះហត្ថលេខានៅថ្ងៃនេះទេ ហើយ មិនតែប៉ុណ្ណោះគ្រាន់តែចាប់ក្បាលម៉េក្រូភ្លាមៗ លោក ត្រាំ ផ្ទាល់បែរជានិយាយពាក់ព័ន្ធនឹងស្ថានភាពនៃជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា មុនគេទៅវិញ។
* ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ក៏បានបញ្ជាក់ដែរថា លោក គីម ជុងអ៊ុន ហាក់ដូចជាមិនទាន់ត្រៀមខ្លួនទទួលយកសំណើរបស់សហរដ្ឋអាមេរិកនោះទេ ខណៈលោក ត្រាំ អះអាងថា កិច្ចចរចាបរាជ័យដោយសារតែជជែកមិនត្រូវគ្នារឿង ដកទណ្ឌកម្មពីកូរ៉េខាងជើង។ តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថា បើទោះជាកិច្ចចរចាពុំបានទទួលជោគជ័យក៏ដោយក៏លោក គីម ជុងអ៊ុន នឹងមិនធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឡើងវិញនោះទេ។
* លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងសន្នីសីទថា លោកបានបើកកិច្ចជំនួបលើកទីពីរប្រកបដោយផ្លែផ្កាជាមួយលោក គីម ជុងអ៊ុន ប៉ុន្តែទណ្ឌកម្មលើកូរ៉េខាងជើង នឹងនៅតែបន្តអនុវត្តន៍ដដែល។ បន្ថែមពីនេះលោកក៏បានកោតសរសើរពីជំហររបស់ចិនផងដែរ ដែលបានជម្រុញឲ្យមានការបង្កើតជំនួបនេះឡើង។
* លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នលោកមិនមានគម្រោងរៀបចំជំនួបកំពូលជាលើកទី ៣ ជាមួយលោក គីម នោះទេ។ ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបានឃើញ បើសិនជារឿងនេះកើតឡើង...»។ បន្ទាប់មកទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំចាកចេញពីរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នៅវេលាម៉ោង ៣៖០០នាទីរសៀលនេះតែម្តង (ម៉ោងនៅហាណូយ)។
* នៅទីបញ្ចប់យន្តហោះពិសេស Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហោះឡើងផុតចេញពីអាកាសយានដ្ឋានអន្តរជាតិ ណយបៃ (Noi Bai) ក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាមហើយ នៅវេលាម៉ោងជិត ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ។ ទោះបីជាលោក ដូណាល់ ត្រាំ ចាកចេញមុនកាលកំណត់ប៉ុន្មានម៉ោង ក្រោយកិច្ចប្រជុំបរាជ័យក៏ដោយ ក៏លោក គីម ជុងអ៊ុន វិញមិនទាន់ចេញទៅប្រទេសកំណើតវិញដែរ ដោយលោកត្រូវនៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមបន្តទៀតសិន តបតាមការអញ្ជើញពីប្រមុខរដ្ឋវៀតណាម៕