(ប៉ាគីស្ថាន)៖ ការបន្តបិទដែនអាកាសប៉ាគីស្ថានមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្កការរំខានដល់ជើងហោះហើរអន្តរជាតិរាប់ ពាន់ សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា។ ការបិទដែនអាកាសនេះធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថាន និងឥណ្ឌា បានបាញ់ទម្លាក់ យន្ដហោះចម្បាំងទៅវិញទៅមកកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះដែរ អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន បានបញ្ជាក់ថាជើងហោះហើរអន្តរជាតិ និងពាណិជ្ជកម្មនៅក្នុងស្រុក ទាំងអស់ រួមទាំងខាងក្រៅប្រទេសប៉ាគីស្ថាន ត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកឯ មនុស្សរាប់ពាន់នាក់ ក៏បានរងផលប៉ះពាល់ផងដែរ តែមិនមែននៅក្នុងទឹកដីប៉ាគីស្ថានតែមួយគត់នោះទេ ពោលគឺនៅទូទាំងដែនអាកាសរបស់ប៉ាគីស្ថាន តែម្ដង ដែលជាផ្លូវហោះហើរមួយដ៏សំខាន់ពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់ទី្វបអឺរ៉ុប។
គួរបញ្ជាក់ថា អាកាសចរណ៍ថៃអន្តរជាតិ Thai Airways International (THAI) បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនក៏បានលុបចោលរាល់ជើងហោះហើររបស់ខ្លួនរវាងថៃនិងអឺរ៉ុបអស់រយៈពេលជាច្រើនម៉ោងផងដែរ ព្រោះតែជម្លោះកំពុងក្តៅគគុករវាងឥណ្ឌានិងប៉ាគីស្ថាន ដែលស្ថិតនៅចំផ្លូវហោះហើររបស់ខ្លួននោះ។
ប៉ុន្តែនារសៀលថ្ងៃព្រហស្បតិ៍នេះ អាកាសចរណ៍ថៃ THAI បានប្រកាសវិញថា ជើងហោះហើរទាំងអស់របស់ខ្លួនទៅកាន់អឺរ៉ុប អាចដំណើរការជាធម្មតាឡើងវិញហើយ រួមមានទាំងជើងហោះហើរទៅកាន់ទីក្រុង Moscow, London, Frankfurt, Stockholm, Paris, Vienna ។ល។ បន្ទាប់ពីក្រុមហ៊ុនទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ប្រទេសចិន៕