(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំចាកចេញពីរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម នៅវេលាម៉ោង ៣៖០០នាទីរសៀលនេះតែម្តង (ម៉ោងនៅហាណូយ) បន្ទាប់ពីកិច្ចប្រជុំលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលបរាជ័យទាំងមន្ទិល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានវៀតណាម VNExpress នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមប្រភពព័ត៌មានដែល VNExpress ទទួលបាន យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងធ្វើហោះចេញពីទីក្រុងហាណូយនាវេលាម៉ោងប្រហែល ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈពីដំបូងឡើយលោក ត្រាំ គ្រោងនឹងឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅម៉ោង ៦៖០០នាទីល្ងាចថ្ងៃដដែលនេះទៅវិញទេ។
គួរជម្រាបថា យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម នៅហាណូយបានបញ្ចប់ទៅមុនការព្រាងទុក ដោយពុំមានកិច្ចព្រមព្រៀងអ្វីនោះឡើយ។ ខណៈលោក លោក ត្រាំ នឹងវិលចាកចេញទៅវិញនាថ្ងៃនេះ លោក គីម ត្រូវគេរំពឹងថា នឹងបន្តស្នាក់នៅក្នុងប្រទេសវៀតណាមសិន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្រោមការអញ្ជើញរបស់មេដឹកនាំវៀតណាម៕