(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ នៅឯសណ្ឋាគារ ម៉ារីយ៉ូត (JW Marriot) ក្នុងទីក្រុងហាណូយ បន្ទាប់ពីជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបញ្ចប់ភ្លាមៗ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា លោកពិតជាបានពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាជាមួយ លោក គីម ជុងអ៊ុន។ ប៉ុន្តែប្រធានាធិបតីអាមេរិកអះអាងថា មិនមានកិច្ចព្រមព្រៀងណាមួយត្រូវចុះហត្ថលេខានៅថ្ងៃនេះទេ ហើយ មិនតែប៉ុណ្ណោះគ្រាន់តែចាប់ក្បាលម៉េក្រូភ្លាមៗ លោក ត្រាំ ផ្ទាល់បែរជានិយាយពាក់ព័ន្ធនឹងស្ថានភាពនៃជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា មុនគេទៅវិញ។
ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ក៏បានបញ្ជាក់ដែរថា លោក គីម ជុងអ៊ុន ហាក់ដូចជាមិនទាន់ត្រៀមខ្លួនទទួលយកសំណើរបស់សហរដ្ឋអាមេរិកនោះទេ ខណៈលោក ត្រាំ អះអាងថា កិច្ចចរចាបរាជ័យដោយសារតែជជែកមិនត្រូវគ្នារឿង ដកទណ្ឌកម្មពីកូរ៉េខាងជើង។
តែទោះជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថា បើទោះជាកិច្ចចរចាពុំបានទទួលជោគជ័យក៏ដោយក៏លោក គីម ជុងអ៊ុន នឹងមិនធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឡើងវិញនោះទេ៕