(ហាណូយ)៖ កិច្ចប្រជុំកំពូលជាលើកទី ២ នៅក្នុងទីក្រុងហាណូយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ចប់ទៅដោយតក់ក្រហលនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយពុំមានកិច្ចព្រមព្រៀងអ្វីនោះឡើយ ក្រៅពីការសន្យាថានឹងអាចជួបគ្នានៅថ្ងៃអនាគតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានកិច្ចព្រមព្រៀងណាមួយត្រូវធ្វើឡើងនាពេលនេះទេ ប៉ុន្តែក្រុមការងារនៃប្រទេសទាំង ២ នឹងជួបគ្នានៅពេលអនាគត»។ តែទោះជាយ៉ាងនេះក្ដី លោកស្រី Sanders បន្ថែមថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពិតជាបានពិភាក្សាគ្នាក្នុងលក្ខណៈស្ថាបនាក្នុងជំនួបកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ»។
គួរបញ្ជាក់ថា សេចក្តីប្រកាសដោយសេតវិមានអាមេរិកខាងលើនេះ បានធ្វើឡើងក្រោយ ពីមានព័ត៌មានថា កាលវិភាគនៃជំនួបរវាងមេដឹកនំាទាំងពីរត្រូវបានផ្លាស់ប្ដូរភា្លមៗ រីឯជំនួបទទួលទានអាហារពេលល្ងាច ក៏ត្រូវបានលុបចោលដោយមិនបញ្ជាក់មូលហេតុថែមទៀត និងសេចក្តីរាយការណ៍ដ៏រសើបបំផុតមួយទៀត នោះទិន្នន័យរបស់ក្រុមហ៊ុនដឹកជញ្ជូន Refinitiv អំពីនាវាដឹកប្រេងមួយគ្រឿងរបស់វៀតណាម បានដឹកជញ្ជូនប្រេងសាំង ២,០០០តោនទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលនេះអាចជាទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងទីក្រុងព្យុងយ៉ាង៕