(ហាណូយ)៖ សេតវិមាននៃ​រដ្ឋធានីវ៉ាស៊ីនតោន បានប្រកាស​នៅមុននេះបន្តិចថា «គ្មានកិច្ចព្រមព្រៀង​អ្វីត្រូវបាន​សម្រេច» នៅក្នុងជំនួប​កំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ​នៃប្រទេសវៀតណាម​នោះឡើយ ហើយ​ជំនួបផ្សេងទៀត​​អាចនឹងកើតមាននៅ​ថ្ងៃអនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩។

សេចក្តីប្រកាស​ដោយសេតវិមាន​ខាងលើនេះ ធ្វើឡើងក្រោយ ពីមានសេចក្តីរាយការណ៍​ព័ត៌មាន​ថា កាលវិភាគ​នៃជំនួប​រវាងមេដឹកនំា​ទាំង​ពីរ ត្រូវបានផ្លាស់​ប្ដូរភា្លមៗ រីឯជំនួប​ទទួល​ទានអាហារពេលល្ងាច​ ក៏ត្រូវបានលុបចោល​ដោយមិនបញ្ជាក់​មូលហេតុថែមទៀត និងសេចក្តីរាយការណ៍​ដ៏រសើបបំផុត​មួយទៀត នោះ​ទិន្នន័យរបស់ក្រុមហ៊ុនដឹកជញ្ជូន Refinitiv អំពីនាវា​ដឹកប្រេង​មួយគ្រឿងរបស់​វៀតណាម បានដឹកជញ្ជូន​ប្រេងសាំង ២,០០០តោន​​ទៅកាន់ប្រទេស​កូរ៉េខាងជើង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលនេះអាច​ជាទង្វើរំលោភ​លើ​ទណ្ឌកម្មអន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង៕