(ហាណូយ)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញឆន្ទៈក្នុងការរំសាយអាវុធនុយក្លេអ៊ែរជាមួយការបញ្ជាក់ថា បើសិនជាគ្មានបំណងលុបបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទេ ច្បាស់ណាស់លោកនឹងមិនមកចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅអំឡុងសន្និសីទសារព័ត៌មានខ្លីមួយ មុននឹងចូលរួមជំនួបជាមួយលោក ត្រាំ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មានម្នាក់ដែលបានសួរថា តើលោកមានបំណងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងដែរ ឬទេ? លោក គីម បានបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «បើខ្ញុំមិនចង់រំសាយអាវុធនុយក្លេអ៊ែរ ខ្ញុំមិនបាច់មកកាន់ទីនេះទេ»។
ដោយឡែកក្រោយលឺការឆ្លើយតបរបស់លោក គីម លោក ត្រាំ ក៏បានចាត់ទុកថា ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺជាចម្លើយដ៏អស្ចារ្យ។ «នេះគឺជាចម្លើយដ៏អស្ចារ្យ។ Wow! (អូ!) នេះគឺជាចម្លើយដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានលឺ»។ នេះជាការលើកឡើងរបស់លោក ត្រាំ ភ្លាមៗក្រោយពីបានលឺសម្តីលោក គីម ជុងអ៊ុន ដែលកម្រមានបំផុ ចំពោះការឆ្លើយតបទៅអ្នកសារព័ត៌មានអន្តរជាតិ ដោយផ្ទាល់បែបនេះ។
គួរបញ្ជាក់ថា ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវបញ្ចប់ថៃ្ងព្រហស្បតិ៍នេះហើយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទព័ត៌មានរួមគ្នាមួយនៅម៉ោង ៣៖៥០នាទីរសៀលនេះផងដែរ ខណៈព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺកិច្ចប្រជុំកំពុងតែបន្តនៅឡើយ ក្នុងសណ្ឋាគារនៃទីក្រុងហាណូយ៕