(ប៉េកាំង)៖ ខណៈលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងបើកកិច្ចប្រជុំកំពូលលើកទីពីរក្នុងប្រទេសវៀតណាម ដើម្បីជំរុញកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ អ្នកជំនាញនយោបាយចិនម្នាក់បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងមិនអាចដោះស្រាយបញ្ហានុយក្លេអ៊ែរនេះបានឡើយ បើពុំមានការសហការពីបណ្តាប្រទេសនៅអាស៊ីខាងកើត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកជំនាញចិនខាងលើ គឺលោក ជីហ្គ័ង យីន (Zhiguang Yin) បាននិយាយថា គ្រប់គ្នាគួរតែផ្តោតសំខាន់លើកូរ៉េខាងជើងហើយ និងអាស៊ីខាងកើត ជាជាងទៅលើទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកូរ៉េខាងជើងតែមួយមុខ។ និយាយរួមទៅទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង នឹងពុំអាចដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបាននោះទេ បើគ្មានការសហការជាមួយបណ្តាប្រទេសអាស៊ីខាងកើត ដែលស្ថិតនៅក្បែរខាងរបស់កូរ៉េខាងជើងជាពិសេសចិន និងកូរ៉េខាងត្បូង ហើយក៏រួមមានជប៉ុន និងរុស្ស៊ីផងដែរ។
គួរជម្រាបថា ទាក់ទិននឹងជំនួបកំពូលលើកទីពីររវាងលោក ត្រាំ និងលោក គីម លោក Yin មិនមានក្តីរំពឹងថា នឹងវានឹងទទួលបានសមិទ្ធផលអ្វីធំដំជាងជំនួបលើកទីមួយរវាងមេដឹកនាំទាំងពីរឡើយ ព្រោះយោងលើហេតុផលដូចបានរៀបរាប់ខាងលើនេះ។ ភាពពិតជាស្តែងបំផុតនេះបញ្ហានេះ គឺការមិនទាន់ទុកចិត្តគ្នារវាងការដកទណ្ឌកម្មជាមុន ឬរំសាយនុយក្លេអ៊ែរជាមុន ព្រោះភាគីរៀងៗខ្លួនសុទ្ធតែរក្សាជំហរដែលខ្លួនចង់បានដដែល។ យ៉ាងណាក៏ដោយបើសិនជាជំនួបកំពូលលើកទីពីរនេះ នៅតែមានលទ្ធផលដូចលើកទី ១ ទៀតនោះ វាប្រាកដជាគ្មានលើកទីបីទៀតឡើយ ហើយការធ្វើតេស្តអាវុធមីស៊ីល-នុយក្លេអ៊ែរ នឹងអាចកើតមានឡើងជាថ្មី ព្រមទាំងទណ្ឌកម្មបន្ថែមទៀតផងដែរ៕