(ប៉ាគីស្ថាន)៖ អាកាសយានិកនៃយន្ដហោះចម្បាំងឥណ្ឌាម្នាក់ ដែលត្រូវបានកងទ័ពអាកាសប៉ាគីស្ថានបាញ់ទម្លាក់ និងចាប់ខ្លួនកាលពីថ្ងៃពុធ បានក្លាយជាប្រធានបទដ៏រសើបមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម និងជាវីរបុរសសម្រាប់ប្រជាជនឥណ្ឌា ខណៈជម្លោះរវាងប្រទេសនុយក្លេអ៊ែរទាំងពីរ កំពុងស្ថិតមាត់ជ្រោះនៃសង្រ្គាមទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ពីឡុតឥណ្ឌាខាងលើត្រូវបានប្រជាជន និងយោធាប៉ាគីស្ថានចាប់ខ្លួនបាន បន្ទាប់ពីយន្ដហោះចម្បាំងរបស់ឥណ្ឌា បានធ្លាក់នៅលើទឹកដីប៉ាគីស្ថាន។ ប៉ុន្តែទន្ទឹមគ្នានឹងការជួយសង្រ្គោះ ប្រជាជននៅក្នុងតំបន់ខ្លះបានធ្វើការវាយដំលើពីឡុតរូបនេះ មុនត្រូវបញ្ជូនទៅឃុំខ្លួនបន្តជាបណ្ដោះអាសន្ន។ លើសពីនេះទៅទៀតអាជ្ញាធរប៉ាគីស្ថានបានកំណត់អត្តសញ្ញាណពីឡុតរូបនេះថា មានឈ្មោះ អាប៊ី ណាន់ដា (Abhi Nanda) ហើយ រូបលោកក៏កំពុងក្លាយជាចំណុចកណ្ដាលនៃជម្លោះរវាងប្រទេសជិតខាង និងជាអតីតបងប្អូនទាំងពីរផងដែរ។
គួរជម្រាបថា អាជ្ញាធរឥណ្ឌាមិនទាន់បញ្ជាក់ពីអត្ដសញ្ញាណពីឡុតខាងលើនៅឡើយទេ តែប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាខ្លះបានរាយការណ៍ថា ពីឡុតរូបនេះមានឈ្មោះ Abhinandan Varthaman។ ដោយឡែក សហរដ្ឋអាមេរិក និងចិន បានអំពាវនាវឱ្យប្រទេសទាំងពីររក្សា ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រោះប្រទេសទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ និងធ្លាប់មានប្រវត្តិទាស់ទែងគ្នា ជាច្រើទសវត្សរ៍មកហើយនៅតាមតំបន់ព្រំដែន ជាពិសេសគឺតំបន់កាស្មៀរនោះតែម្តង៕